ចិន ទើប​ទទួល​ជោគជ័យ លើ​ការ​ធ្វើតេស្ត​យាន «Lander» សម្រាប់​បញ្ជូន​ទៅ​ភពអង្គារ នៅឆ្នាំ២០២០

(ប៉េកាំង)៖ ចិនទើបតែទទួលបានជោគជ័យ ក្នុងការធ្វើតេស្តមួយ ទៅលើយានប្រភេទ Lander (សម្រាប់ចុះចត) ដែលជាការត្រៀមចេញបេសកកម្ម ឆ្ពោះទៅកាន់ភពអង្គារ (Mars) នៅឆ្នាំ២០២០ ឆាប់ៗខាងមុខនេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមលោក ចាង គេចៀន (Zhang Kejian) ប្រធានស្ថាប័នផ្នែកអវកាសចិន CNSA ការធ្វើតេស្តខាងលើ ដែលជាការសាកល្បងសំកាំងខ្លួន និងបញ្ជៀសឧបសគ្គរបស់យាន Lander នោះបានប្រព្រឹត្តទៅដោយជោគជ័យ នាថ្ងៃព្រហស្បតិ៍នេះនៅក្នុងខេត្ត ហេបៃ (Hebei) ភាគខាងជើងប្រទេសចិន។ លោក ចាង បានបញ្ជាក់ទៀតថា គម្រោងចេញបេសកកម្មជាលើកដំបូង ឆ្ពោះទៅកាន់ភពអង្គារ នៅឆ្នាំ២០២០ កំពុងបង្ហាញសញ្ញាទៅមុខយ៉ាងរលូន ហើយដំណើរឆ្ពោះទៅកាន់ភពអង្គារ នឹងត្រូវចំណាយពេល ០៧ខែ ខណៈការចុះចតនឹងត្រូវប្រើពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ។

គួរជម្រាបថា ចិនបានអភិវឌ្ឍគ្រាប់រ៉ុក្កែតដ៏ខ្លាំងមួយគឺ Long March 5 ដើម្បីនាំយាន Lander ខាងលើឆ្ពោះទៅកាន់ភពអង្គារនៅឆ្នាំក្រោយ។ ដោយឡែករ៉ុក្កែតនេះ ក៏នឹងក្លាយជាឧបករណ៍ដឹកយាន Change’e-5 ទៅកាន់ឋានព្រះច័ន្ទនៅកំឡុងចុងឆ្នាំ២០១៩ ឬក៏កំឡុងដើមឆ្នាំក្រោយផងដែរ ដែលជាបេសកកម្មនាំយកគំរូតាងជាដុំថ្ម នៃព្រះច័ន្ទត្រឡប់មកកាន់ផែនដីវិញ។

ចិនបានបញ្ជូនយានឲ្យចុះទៅដល់ផ្ទៃព្រះច័ន្ទ ដោយជោគជ័យជាលើកដំបូងកាលពីឆ្នាំ២០១៣។ នាខែមករាដើមឆ្នាំនេះ យាននៃបេសកកម្ម Chang’e-4 បានចុះទៅដល់តំបន់ Dark Side ឬ Far Side ដែលជាផ្ទៃនៅចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមកផែនដី។ សម្រាប់គម្រោងនាថ្ងៃអនាគត ចិនគ្រោងនឹងបង្កើតស្ថានីយអវកាសមួយ នៅខ្ទង់ឆ្នាំ២០២២ ខណៈដែលពេលនោះទីភ្នាក់ងារអវកាសអាមេរិក NASA ទំនងជានឹងចាប់ផ្តើម ការកសាងស្ថានីយអវកាសច្រកផ្លូវនៅក្បែរឋានព្រះច័ន្ទ។

គួរបញ្ជាក់ ថា កាលពីឆ្នាំ២០០៣ ចិនបានក្លាយជាប្រទេសទី ៣ ដែលបានបញ្ជូនមនុស្សឡើងទីអវកាស ដោយប្រើរ៉ុក្កែតផ្ទាល់ខ្លួន បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៊ី) និងសហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះមក មហាយក្សលេខ១នៅទ្វីបអាស៊ីមួយនេះ បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យអវកាស របស់ខ្លួនជាខ្លាំង ដើម្បីតាមរុស្ស៊ី និងអាមេរិក ហើយរំពឹងថា នឹងក្លាយជាមហាអំណាចអវកាស ដ៏ខ្លាំងក្លាមួយតែម្តងនៅឆ្នាំ២០៣០៕

You might also like More from author