យាន​រុករក​ភព​អង្គារ​ឆ្នាំ២០២០ របស់​អង្គការ «NASA» នឹង​ចុះចត​ក្នុង​រណ្តៅ​មួយ ដែល​សម្បូរ​ដោយរ៉ែ

(បរទេស)៖ ការសិក្សាស្រាវជ្រាវថ្មីបានរកឃើញថា រណ្តៅអាចម៍ផ្កាយ Jezero ជាទីដែលយាន Mars 2020 Rover នឹងធ្វើការសិក្សារុករកនៅខែកុម្ភៈ ឆ្នាំ២០២១នោះ មានផ្ទុកនូវបណ្តុំប្រភេទសារធាតុរ៉ែ ដែលនៅលើផែនដីយើង អំណោយផលសម្រាប់ការរក្សាទុក នូវពពួកសំណាកហ្វូស៊ីលតូចៗ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមរយៈការវិភាគ ទៅលើទិន្នន័យប្រមូលបានពីផ្កាយរណប Mars Reconnaissance Orbiter អ្នកស្រាវជ្រាវមួយ ក្រុមបានរកឃើញ ទីតាំងចំនួនពីរនៅក្នុងរណ្តៅ Jezero ដែលសម្បូរទៅដោយសារធាតុម៉្យាងហៅថា Hydrated Silica ខណៈការសិក្សាថ្មីដាច់ដោយឡែកមួយទៀត បានរកឃើញវត្តមាននៃសារធាតុ Carbonate នៅក្នុងរណ្តៅ អាចម៍ផ្កាយនេះ។ សារធាតុទាំងនេះសុទ្ធតែអាចជួយ អ្នកវិទ្យាសាស្រ្តស្វែងយល់ អំពីប្រវត្តិរបស់ភពអង្គារ (Mars)។

គួរជម្រាបថា នាពេលឆាប់ៗខាងមុខនេះ បេសកកម្ម Mars 2020 នឹងទទួលបានឈ្មោះផ្លូវការថ្មី តាមរយៈកម្មវិធី ប្រកួតប្រជែងដាក់ឈ្មោះ ដោយសិស្សសាលានៅសហរដ្ឋអាមេរិក។ បេសកកម្មនេះត្រូវបានគេកំណត់ថា នឹងចេញដំណើរនៅខែកក្កដា ឆ្នាំ២០២០ ហើយទៅដល់តំបន់រណ្តៅអាចម៍ផ្កាយ Jezero នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ នៅពេលប្រហាក់ប្រហែលគ្នានោះ យានឈ្មោះ Rosalind Franklin ដែលជាគម្រោងបេសកកម្ម រួមរវាងអឺរ៉ុប និងរុស្ស៊ីក៏នឹងត្រូវបញ្ជូនទៅដល់ភពក្រហមនេះផងដែរ ប៉ុន្តែទីតាំងមិនទាន់ត្រូវបានប្រកាសឲ្យ ដឹងទេ៕

You might also like More from author