អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ហុងកុង ប្រកាស​ដំណឹង​ទៅ​កាន់​អាកាសចរណ៍​នានា ចំពោះ​មុខ​ការ​ធ្លាក់​ចុះយ៉ាង​គំហុក​នៃ​អ្នក​ដំណើរ

(ហុងកុង)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃទីក្រុងហុងកុងបានប្រកាសថា អាកាសចរណ៍ទាំងឡាយ ដែលធ្វើការហោះហើរចូល និងចេញពីហុងកុងនឹងអាច នៅរក្សាកន្លែងដែលក្រុមហ៊ុនទាំងនោះ បានទិញសម្រាប់ ការចុះចតនិងហោះឡើង (Airport Slot) នៅឯអាកាសយានដ្ឋានទីក្រុងហុងកុងបាន ដល់ខែមីនា ឆ្នាំ២០២០ បើទោះបីជាពួកគេបានកាត់បន្ថយជើងហោះហើរជាបណ្តោះអាសន្ន ដោយសារការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ ក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

កន្លងមកនេះក្រុមហ៊ុនអាកាសចរណ៍ជាច្រើន រួមមានទាំងអាកាសចរណ៍របស់ហុងកុងផ្ទាល់គឺ Cathay Pacific Airways និងអាកាសចរណ៍ AirAsia ជាដើម បានសម្រេចកាត់បន្ថយចំនួនជើងហោះហើររបស់ខ្លួន ដែលចេញ និងចូលទីក្រុងហុងកុង ជាបណ្តោះអាសន្នសិន បន្ទាប់ពីចលានាបាតុកម្មនៅហុងកុង បានបណ្តាលឲ្យមានការ ធ្លាក់ចុះខ្លាំងនៃចំនួនអ្នកទេសចរ និងការធ្វើដំណើរលក្ខណៈធុរកិច្ច។ មួយវិញទៀត ជាទូទៅការទិញកន្លែង សម្រាប់ហោះឡើង និងចុះចត នៅឯព្រលានយន្តហោះហុងកុង គឺជាការលំបាកខ្លាំងដ្បិតអាកាសយានដ្ឋាននេះ ខ្វះខាតសមត្ថភាពផ្ទុកចំនួនយន្តហោះ រហូតទាល់តែផ្លូវយន្តហោះ (Runway) ទី ៣ សម្ពោធដំណើរការនៅ ឆ្នាំ២០២៤។

ដូច្នេះហើយអាកាសយានដ្ឋានអន្តរជាតិហុងកុង សម្រេចអនុវត្តន៍គោលការណ៍មួយដែលកំណត់ថា ក្រុមហ៊ុនអាកាសចរណ៍អាចរក្សាកន្លែងរបស់ខ្លួនបាន លុះត្រាតែអំឡុងរដូវកាលធ្វើដំណើរនាពេលកន្លងមក អាកាសចរណ៍នោះបានប្រើប្រាស់ពួកវាយ៉ាងហោចក៏ ៨០ភាគរយដែរ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ អាកាសចរណ៍ ស៊ីវិលបានឲ្យដឹងថា គោលការណ៍នោះនឹងត្រូវផ្អាកអនុវត្តជាបណ្តោះអាសន្នសិន សម្រាប់រដូវរងានេះ ដែលបាន ចាប់ផ្តើមកាលពីចុងខែតុលា និងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២០។

គួរជម្រាបថា យោងតាមរបាយការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលហុងកុង កំឡុងខែតុលា ឆ្នាំ២០១៩ ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះបានធ្លាក់ចុះ ១៣ភាគរយ ខណៈជើងហោះហើរចេញ និងចូលទីក្រុង ហុងកុងបានថយចុះ ៦.‌១ភាគរយ ដែលទាំងនេះគឺជាអត្រាធ្លាក់ចុះខ្លាំងជាងគេបំផុត គិតចាប់តាំងពីបាតុកម្ម បានចាប់ផ្តើមផ្ទុះឡើង កាលពីពាក់កណ្តាលឆ្នាំនេះ៕

You might also like More from author