ចិនត្រៀមចាត់វិធានការ​ក្តៅ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ជីក​ឬស​គល់​ក្រុម​ផលិត​ព័ត៌មាន​ក្លែងក្លាយ

(ប៉េកាំង)៖ រដ្ឋបាលប្រព័ន្ធអ៊ីនធើណិតចិន (CAC) បានប្រកាសពីច្បាប់ថ្មីមួយ សំដៅត្រួតពិនិត្យលើវីដេអូ និងសំឡេងនៅលើបណ្ដាញអ៊ីនធើណិត ក្នុងនោះរួមមានទាំងការហាមឃាត់ការចុះផ្សាយ និងការចែកចាយព័ត៌មានក្លែងក្លាយ (fake news) ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសម្បនិម្មិត (AI) ឬ VR ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាម CAC រាល់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសម្បនិម្មិត (AI) ឬ VR ចាំបាច់ត្រូវតែមានការសម្គាល់ឱ្យច្បាស់ ហើយការមិនគោរពតាមច្បាប់ថ្មីនេះ នឹងត្រូវបានចាត់ទុកថាជាបទល្មើស។ ច្បាប់ថ្មីនេះដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រូវបានចេញផ្សាយជាសាធារណៈនៅគេហេទំព័ររបស់ CAC នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានជូនដំណឹងដល់បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់វីដេអូ និងសំឡេង លើបណ្ដាញអ៊ីនធើណិតកាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា បើតាមរដ្ឋបាលប្រព័ន្ធអ៊ីនធើណិតចិន (CAC) បញ្ហាធំដែលបង្កឡើងដោយបច្ចេកវិទ្យាក្លែងបន្លំ (deepfake) នឹងគឺការប្រើប្រាស់បច្ចេកវិទ្យា (AI) ឬ VR ដើម្បីបង្កើតវីដេអូដូចជាមែនទែនពីមនុស្សម្នាក់និយាយ ឬធ្វើអ្វីមួយដែលពួកគេ មិនបានធ្វើ។ ហេតុដូច្នេះទើបអាជ្ញាធរចិនបានបង្កើតកម្មវិធីខាងលើនេះឡើយ ដើម្បីជីកឬសគល់ក្រុមផលិតព័ត៌មានក្លែងក្លាយនោះ ឲ្យអស់តែម្តង៕

You might also like More from author