រុស្ស៊ី​និង​ចិន​​សម្រេច​បាន​ជា​លើក​ដំបូង​នូវ​ស្ពាន​មួយ​ខ្សែ សម្រាប់​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ

(ម៉ូស្គូ)៖ ទីបំផុតដំណើរការសាងសង់ស្ពានមួយខ្សែឆ្លងកាត់ដងទន្លេ Amur ដែលតភ្ជាប់រវាងប្រទេសរុស្ស៊ីនិងចិន ត្រូវបានសម្រេចរួចរាល់ជាស្ថាពរហើយ នៅឯតំបន់ចុងបូព៌ារបស់រុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ពានខាងលើដែលជា មួយខ្សែដំបូងតភ្ជាប់ប្រទេសជិតខាងទាំងពីរ ត្រូវគេរំពឹងថានឹងជួយលើកកម្ពស់ចំណង សេដ្ឋកិច្ចទ្វេភាគី។ ស្ពាននោះតភ្ជាប់រវាងទីក្រុង Heihe នៅភាគខាងជើងចិន និងទីក្រុង Blagoveshchensk នៅចុងភាគខាងកើតនៃដែនដីរុស្ស៊ី ខណៈទីក្រុងទាំងពីរនៅត្រើយម្ខាងម្នាក់នៃទន្លេ Amur ដែលចិនហៅថា Heilongjiang ហើយវាមានប្រវែងជាង១គីឡូម៉ែត្រ និងជាផ្នែកនៃគម្រោងផ្លូវហាយវ៉េដែលមានប្រវែងសរុប១៩.៩ គីឡូម៉ែត្រ។

គួរជម្រាបថា គម្រោងខាងលើមានទំហំ៣០០លានដុល្លារ និងត្រូវបានចាប់ផ្តើមឡើងកាលពីខែធ្នូ ឆ្នាំ២០១៦។ ខណៈដំណើរការសាងសង់ស្ពានបានចប់រួចរាល់អស់ហើយនៅពេលនេះ ការសម្ពោធត្រូវបានកំណត់ថា នឹងរៀបចំឡើងនៅខែមេសា ឆ្នាំ២០២០។ យោងតាមការយល់ឃើញរបស់រដ្ឋមន្រ្តីរុស្ស៊ីទទួលបន្ទុកការអភិវឌ្ឍ នៅតំបន់ចុងបូព៌ា គម្រោងស្ពាននិងផ្លូវហាយវ៉េនេះ នឹងអាចជួយជំរុញលំហូរពាណិជ្ជកម្មព្រមទាំងសន្ទុះវិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ៕

You might also like More from author