ទីបំផុតនាយករដ្ឋមន្រ្តីអុីរ៉ាក់ប្រកាសថានឹងចុះចេញពីអំណាច ស្របពេលដែលស្ថានការណ៍បាតុកម្មកាន់តែអាក្រក់ខ្លាំង
(បាកដាដ)៖ នាយករដ្ឋមន្រ្តីអុីរ៉ាក់ លោក Adel Abdul-Mahdi នៅទីបំផុតបានសម្រេចចិត្តថា រូបលោកនឹង លាលែងពីតំណែងហើយ ស្របពេលដែលអំពើហិង្សាកាន់តែអាក្រក់ឡើងៗ កំឡុងការធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាល ដែលកំពុងបន្តប្រព្រឹត្តទៅយ៉ាងកក្រើក នៅទីក្រុងបាកដាដ រួមទាំងតំបន់មួយចំនួនទៀតនៅភាគ ខាងត្បូងប្រទេសអុីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sky News នៅយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការប្រកាសពីការសម្រេចចិត្តរបស់លោក Abdul-Mahdi ត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋនៃប្រទេសអុីរ៉ាក់ ក្រោយកងកម្លាំងការពារសន្តិសុខអុីរ៉ាក់ បានបាញ់សម្លាប់ក្រុមបាតុករជាង៤០នាក់កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ព្រោះតែពួកគេបានតវ៉ាបិទស្ពាន និងដុតបំផ្លាញស្ថានកុងស៊ុលមួយកន្លែងរបស់អុីរ៉ង់។ លោក Abdul-Mahdi បានប្រាប់ថា លោកនឹងស្នើឲ្យសភាទទួលយកពាក្យសុំលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ច្បាស់ថា នឹងចុះពីតំណែងនៅថ្ងៃណាឲ្យប្រាកដឡើយ ប៉ុន្តែសភាអុីរ៉ាក់ នឹងត្រូវបើកកិច្ចប្រជុំមួយថ្ងៃអាទិត្យខាងមុខនេះ។
គួរជម្រាបថា បាតុកម្មហិង្សាបានបន្តផ្ទុះឡើងនៅទីក្រុងបាកដាដ និងតំបន់ដទៃទៀតនៅភាគខាងត្បូង ប្រទេសអុីរ៉ាក់ ចាប់តាំងតែពីដើមខែតុលា ឆ្នាំ២០១៩នេះ ហើយគិតមកដល់ឥឡូវមនុស្សសរុបជាង ៣៥០នាក់ បានបាត់បង់ជីវិត និងរហូតដល់១៥,០០០នាក់ បានទទួលរងរបួស។
លោក Adel Abdul-Mahdi បានឡើងកាន់អំណាចកាលពីជាងមួយឆ្នាំមុន ជាមួយការសន្យាធ្វើកំណែទម្រង់ ស៊ីជម្រៅ ក៏ប៉ុន្តែមកទល់បច្ចុប្បន្នហាក់ពុំមានលទ្ធផលជាដុំកំភួនអ្វីឡើយ ទើបបង្ខំឲ្យប្រជាជនអុីរ៉ាក់ខឹងសម្បារ ហើយសម្រេចនាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំជាលើកដំបូងកាលពីថ្ងៃទី០១ ខែតុលា កន្លងទៅ ដោយទាមទារឲ្យ រដ្ឋាភិបាលអុីរ៉ាក់ លុបបំបាត់ចោលអំពើពុករលួយ បង្កើតការងារបន្ថែម និងផ្តល់សេវាសាធារណៈដែលល្អ ប្រសើរជាងមុន៕