Facebook សម្រេច​លុប​ចោល​វីដេអូ​ឃោសនា នៃ​បក្ស​នយោបាយ​មួយ​នៅ​អង់គ្លេស ក្រោយ​ទទួល​បណ្តឹង​ពី BBC

(ឡុងដ៍)៖ ក្រុមហ៊ុន Facebook បានលុបចោលវីដេអូឃោសនាបោះឆ្នោតមួយ របស់គណបក្សអភិរក្ស និយមអង់គ្លេស ក្រោយពីមានការប្តឹងទាមទារពីសារព័ត៌មាន BBC News ថាវាបានរំលោភលើសិទ្ធិកម្ម សិទ្ធិបញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ Facebook បានបញ្ជាក់ថា ខ្លួនបានលុបចោល ការផ្សព្វផ្សាយខាងលើ បន្ទាប់ពីមានការអះអាងពីកម្មសិទ្ធិបញ្ញា ពីសំណាក់ម្ចាស់កម្មសិទ្ធិគឺ BBC ផ្ទាល់តែម្ដង ដែលតម្រូវឱ្យ Facebook ចាត់វិធានការឆ្លើយតប។ បើតាម BBC វីដេអូឃោសនាគណបក្សអភិរក្សនិយម គឺផ្ទុយទៅនឹងប្រធានបទឃោសនា ដែលអាចនឹងបំផ្លាញដល់ភាពមិនលម្អៀង ឬគោលការណ៍ពាណិជ្ជកម្ម របស់ខ្លួន។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ គណបក្សអភិរក្សនិយមក៏បានសង្កត់ធ្ងន់ដែរថា រាល់គណបក្សនយោបាយ ទាំងអស់ សុទ្ធតែប្រើប្រាស់វីដេអូ BBC។ ដូច្នេះដើម្បីបង្ហាញពីតម្លាភាព BBC គួរតែតវ៉ានឹងគណបក្សដទៃ ដែលប្រើប្រាស់វីដេអូរបស់ពួកគេដូចគ្នានេះដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន គណបក្សអភិរក្សនិយម ក៏ធ្លាប់បានទាត់ចោលសំណើពីមេធាវី BBC ដែលស្នើឱ្យលុបចោលវីដេអូឃោសនា រយៈពេល ១៥វិនាទីផងដែរ៕

You might also like More from author