ព្យុះទីហ្វុង Kammuri ដែល​កំពុង​វាយ​ប្រហារ​ភាគ​កណ្តាល​ហ្វីលីពីន ផ្តាច់​ជីវិត​មនុស្ស​ម្នាក់

(ម៉ានីល)៖ មនុស្សយ៉ា់ងហោចម្នាក់បានបាត់បង់ជីវិត ខណៈជាង៣សែននាក់ត្រូវបានជម្លៀសខ្លួនទៅកាន់ កន្លែងសុវត្ថិភាព ស្របពេលដែលព្យុះទីហ្វុងកំណាច Kammuri កំពុងវាយប្រហារភាគកណ្តាលប្រទេស ហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

មនុស្សជាង៣៤០,០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ក្នុងតំបន់ Bicol ហើយកំពុងជ្រកកោន នៅតាមមជ្ឈមណ្ឌលសុវត្ថិភាព។ អាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីម៉ានីល ត្រូវបានផ្អាកប្រតិបត្តិការ រយៈពេល១២ម៉ោង រហូតដល់ម៉ោង១១៖០០នាទីយប់ថ្ងៃអង្គារនេះ។ អាកាសចរណ៍ដូចជា Philippine Airlines, Cebu Air និង AirAsia បានផ្អាកជើងហោះហើរសរុប៥០០ជើង ហើយអ្នកដំណើរជាច្រើននាក់ ត្រូវជាប់គាំងទៅ ណាពុំរួច។

ព្យុះទីហ្វុង Kammuri ដែលប្រជាជនហ្វីលីពីនហៅថា Tisoy គឺជាព្យុះទីហ្វុងទី២០ហើយក្នុងឆ្នាំ២០១៩នេះ។ វាបាននាំយកមកជាមួយនូវខ្យល់បោកបក់ល្បឿនចន្លោះ១៥០-២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបង្កការ ខូចខាតដល់លំនៅឋាន និងសំណង់អគារមួយចំនួន ព្រមទាំងធ្វើឲ្យដើមឈើបង្គោលភ្លើងរួមជាមួយផ្ទាំងបដា ជាច្រើនដួលរលំថែមទៀត។ ព្យុះទីហ្វុងនេះ ក៏បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ខណៈអាជ្ញាធរហ្វីលីពីន បានព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដី និងទឹកជំនន់។

គួរជម្រាបថា ការវាយប្រហាររបស់ព្យុះទីហ្វុងខាងលើ កើតមានឡើងចំពេលដែល ហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Game) ដែលត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១១ ខែធ្នូ នៅទីក្រុង ម៉ានីល។ ដោយសារតែវា ការកម្មវិធីប្រកួតមួយចំនួនត្រូវបានពន្យារពេលទៅប៉ុន្មានថ្ងៃខាងមុខវិញ ជាពិសេស កីឡាដែលត្រូវប្រកួតនៅលើផ្ទៃទឹក។ ព្យុះទីហ្វុង Kammuri ត្រូវគេព្យាករណ៍ថា នឹងបោកបក់ចេញផុតពីដែនដី ហ្វីលីពីននៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

You might also like More from author