«ច្បាប់អាមេរិក​ចំពោះ​ហុងកុង គឺ​មិន​សម​ហេតុផល និង​គ្មាន​ភាព​ចាំបាច់​ទាល់​តែ​សោះ» នេះ​ជា​ការលើក​ឡើង​របស់​លោកស្រី​អភិបាល​ក្រុង​ហុងកុង

(ហុងកុង)៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានលើកឡើងថា ច្បាប់ថ្មីដែលសហរដ្ឋអាមេរិកទើបអនុម័តចំពោះទីក្រុងហុងកុងនោះ គឺជារឿងដែលមិនអាចទទួលយកបាន និងគ្មានភាពចាំបាច់ទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននាទីក្រុងហុងកុងនៅក្នុងថ្ងៃអង្គារនេះ លោកស្រី ឡាំ បានធ្វើការជំទាស់យ៉ាងពេញទំហឹងចំពោះច្បាប់ស្តីអំពីសិទ្ធិ និងប្រជាធិបតេយ្យនៃទីក្រុងហុងកុងឆ្នាំ២០១៩ ដែលត្រូវបានសភាអាមេរិកអនុម័ត ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាឲ្យអនុវត្តជាផ្លូវការ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ។ លោកស្រី ឡាំ ក្នុងនាំជាមេដឹកនាំទីក្រុងស្វយ័តរបស់ចិនមួយនេះ ក៏បានបង្ហាញ «ការសោកស្តាយជាខ្លាំង» ផងដែរចំពោះសភា និងរដ្ឋាភិបាលបរទេស ដែលចូលមកលូកលាន់កិច្ចការផ្ទៃក្នុងហុងកុង តាមរយៈច្បាប់ដែលពួកគេបង្កើតឡើងដោយខ្លួនឯងនោះ។

លោកស្រី ខារី ឡាំ ក៏បានបង្កត់ធ្ងន់បន្ថែមទៀតដែរថា សេរីភាព និងសិទ្ធិមនុស្សនៃអ្នកដែលរស់នៅទីក្រុងហុងកុង គឺត្រូវបានការពារយ៉ាងមុតមាំបំផុតរួចទៅហើយ ដោយច្បាប់ជាមូលដ្ឋានរបស់ទីក្រុងហុងកុង។ បន្ថែមពីនេះយើងតែងតែការពារជានិច្ចនូវ សេរីភាពនៃការបញ្ចេញមតិទៅតាមទម្រង់ជាច្រើន ក្នុងនោះក៏រួមមានសេរីភាពសារព័ត៌មាន, សេរីភាពនៃការប្រមូលផ្តុំ និងតវ៉ា ក៏ដូចជាសេរីភាពនៃការប្រតិបត្តិសាសនានានាថែមទៀត។ នេះបើតាមការលើកឡើង ដោយលោកស្រីអភិបាលក្រុង។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងវាយបកទៅកាន់សហរដ្ឋអាមេរិកវិញរួចទៅហើយដែរ តាមរយៈការប្រកាសដាក់ទណ្ឌកម្ម លើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរបស់សហរដ្ឋអាមេរិក ព្រមទាំងផ្អាកការអនុញ្ញាតឱ្យនាវា និងយន្ដហោះចម្បាំងអាមេរិក បំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងហុងកុងផងដែរ។
សម្រាប់ច្បាប់អាមេរិកខាងលើនេះ គឺមានគោលដៅគំាទ្របាតុករនៅហុងកុង និងធ្វើការពិនិត្យមើលក្នុងមួយឆ្នាំម្ដងថា តើទីក្រុងហុងកុងស័ក្តិសមនឹងទទួលបាន ការអនុគ្រោះពាណិជ្ជកម្មពិសេស ពីសហរដ្ឋអាមេរិកដែរ ឬទេ។ មិនតែប៉ុណ្ណោះ វាក៏អនុញាតឱ្យមានការដាក់ទណ្ឌកម្មផងដែរ ក្នុងករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលសហរដ្ឋអាមេរិកមើលឃើញ កំពុងកើតមាននៅហុងកុងនោះ៕

You might also like More from author