អង្គការ OPEC សម្រេច​កាត់​បន្ថយការ​ផលិត​ប្រេង​បន្ត​ទៀត​ដល់​ឆ្នាំ២០២០ ដើម្បី​ទប់​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង…

(វីយ្យែន)៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក បាយចាន ហ្សានហ្គេណេហ៍ (Bijan Zangeneh) បានបង្ហើបថា អង្គការនៃក្រុម ប្រទេសនាំចេញប្រេង ឬ OPEC បានឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីការកាត់បន្ថយការផលិតប្រេង បន្ទាប់ពីបានជួបប្រជុំគ្នាអស់រយៈពេលជាង ៦ម៉ោង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩។

លោក Zangeneh ធ្វើការកត់សម្គាល់ខាងលើធ្វើឡើង ក្រោយកិច្ចប្រជុំក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដែលរៀបចំឡើងដោយអង្គការ OPEC នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ ថ្លែងប្រាប់អ្នក សារព័ត៌មាន រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ជាការពិតណាស់, យើងបានឈានដល់ កិច្ចព្រមព្រៀង»។

គួរបញ្ជាក់ថា OPEC និងក្រុមប្រទេសអ្នកនាំចេញប្រេងមិនមែនជាសមាជិក ឬគេស្គាល់ថា OPEC+ បានកាត់ បន្ថយការផលិតប្រេងចាប់តាំងពីឆ្នាំ២០១៧ ដើម្បីដោះស្រាយវិបត្តិប្រេងធ្លាក់ថ្លៃ ដោយសារតែការផលិតប្រេង លើសតម្រូវការ។ កិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេងរបស់ OPEC+ ត្រូវបានបន្តសុពលជាបន្តបន្ទាប់ ជាមួយការចែងថា នឹងកាត់បន្ថយការផលិតប្រេង ១.២លានបារែលក្នុងមួយថ្ងៃ ពីខែតុលា ឆ្នាំ២០១៨ រហូតដល់ ពាក់កណ្ដាលឆ្នាំ២០១៩ ហើយនៅក្នុងខែកក្កដា OPEC+ បានបន្តសុពលភាពលើកិច្ចព្រមព្រៀងនេះ ក្រោមការកំណត់ដូចគ្នា រហូតដល់ខែមីនា ឆ្នាំ២០២០៕

You might also like More from author