ក្រុម​ជន​សង្ស័យ​ដែល​ព្រួត​គ្នា​រំលោភ​បូក​និង​សម្លាប់​នារីវ័យ​២៧​ឆ្នាំ​ម្នាក់ ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ពេលព្យាយាម​រត់​គេច​ខ្លួន

(ញូដេលី,ឥណ្ឌា)៖ ប៉ូលិសនៅរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា នាថ្ងៃសុក្រនេះ បានបាញ់សម្លាប់ បុរស៤នាក់ ដែលជាប់សង្ស័យក្នុងករណីរំលោភនិងសម្លាប់នារីអាយុ២៧ឆ្នាំម្នាក់។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមជនសង្ស័យខាងលើដែលស្ថិតក្រោមការឃាត់ខ្លួនរបស់ប៉ូលិស នាថ្ងៃសុក្រនេះបានព្យាយាមរត់គេចខ្លួន នៅពេលពួកគេត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីឲ្យសម្តែងឡើងវិញនូវសកម្មភាព ដែលពួកគេបាន ប្រព្រឹត្តទៅលើជនរងគ្រោះ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតរបស់ប៉ូលិស។ តែពេលនោះ ក្រុមជនសង្ស័យ បានព្យាយាមដណ្តើមអាវុធពីប៉ូលិស ហើយក៏ត្រូវបានប៉ូលិសបាញ់ស្លាប់ភ្លាមៗទាំងអស់គ្នាតែម្តង។

គួរជម្រាបថា កាលពីសប្តាហ៍មុន ការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយបានផ្ទុះឡើង បន្ទាប់ពីសាកសពជនរងគ្រោះ ត្រូវបានរកឃើញនៅជាយទីក្រុង Hyderabad នៃរដ្ឋ Telangana។ ក្រុមអ្នកតវ៉ាបានចោទអាជ្ញាធរឥណ្ឌាថា អសកម្មនិងអសសមត្ថភាព។ ហេតុការណ៍ចាប់រំលោភនោះ បានកើតឡើង នៅពេលជនរងគ្រោះដែលជា ពេទ្យសត្វ បានជិះម៉ូតូទៅកាន់គ្លីនិកវេជ្ជបណ្ឌិតម្នាក់។ កំឡុងពេលដែលជនរងគ្រោះមិននៅ ក្រុមជនសង្ស័យ បានលួចបន្ធូរកង់ម៉ូតូរបស់នាង ហើយពេលនាងចេញមកវិញ ពួកគេបានបញ្ឆោតនាំនារីម្នាក់នោះទៅកាន់ កន្លែងមួយថា ដើម្បីជួយជួសជុលម៉ូតូ ប៉ុន្តែពេលទៅដល់ពួកគេបានធ្វើសកម្មភាពរំលោភនិងច្របាច់កឲ្យស្លាប់ ហើយដុតសាកសពជនរងគ្រោះចោល ដើម្បីបំបាត់ភស្តុតាងយ៉ាងសាហាវឃោរឃៅ៕

You might also like More from author