អូស្ត្រាលី រំពឹង​លើ​ទឹកភ្លៀង ដើម្បី​ពន្លត់​ភ្លើង​​ឆេះ​ព្រៃ​ដ៏​អាក្រក់ ខណៈ​​មហន្តរាយ​លើក​នេះ​ពិបាក​​ទប់ទល់​ណាស់

(ស៊ីដនី)៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យអូស្រ្តាលីបានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏ធំសម្បើមមួយ ដែលកំពុងបង្កជាផ្សែងគ្របដណ្ដប់ស្ទើរតែពេញទីក្រុងស៊ីដនី អាចនឹងត្រូវការពេលជាច្រើនសប្ដាហ៍ដើម្បីពន្លត់ ហើយបើនៅតែគ្មានភ្លៀងធ្លាក់ទេ នោះពួកគេអាចនឹងពិបាកគ្រប់គ្រងស្ថានការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមពន្លត់អគ្គិភ័យរាប់ពាន់នាក់ដែលបាននិងកំពុង តស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃអស់ រយៈពេលជាងមួយខែមកនេះ បានចេញប្រតិបត្តិការជាថ្មីនៅថ្ងៃសៅរ៍នេះ ដើម្បីបង្រ្កាបភ្លើងឆេះព្រៃជិត ១០០ទីតាំងនៅក្នុងរដ្ឋញូសោតវែលស៍ (New South Wales)។ ភ្លើងឆេះព្រៃនៅភាគខាងជើងទីក្រុងស៊ីដនី បានចាប់ផ្ដើមឆេះកាលពីថ្ងៃសុក្រ ហើយបច្ចុប្បន្នវាកំពុងបានឆាបលើផ្ទៃដី ៣៣៥,០០០ហិកតា។

ជុំវិញវិបត្តិខាងលើនេះដែរ ភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋ New South Wales បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវការភ្លៀងមួយមេយ៉ាងធំ ដើម្បីពន្លត់ភ្លើងឆេះព្រៃ ព្រោះជាការពិតមានតែភ្លៀងមួយមេធំទេ ទើបអាចពន្លត់ភ្លើងនេះបាន បើពុំដូច្នោះទេ យើងអាចនឹងត្រូវប្រើប្រាស់ជាច្រើនសប្ដាហ៍ ក្នុងការគ្រប់គ្រងស្ថានការណ៍ឡើងវិញ»

គួរជម្រាបថា ភ្លើងឆេះព្រៃតែងតែកើតឡើងជារឿយៗក្នុងររដូវក្ដៅ នៅប្រទេសអូស្រ្តាលី ដែលជាធម្មតាចាប់ផ្ដើមពីខែធ្នូ ប៉ុន្តែឆ្នានេះអាកាសធាតុក្ដៅបានចាប់ផ្ដើមមុនកាលកំណត់ ហើយភ្លើងឆេះព្រៃបានស្លាប់មនុស្ស ០៦នាក់ និងបំផ្លាញផ្ទះជិត ៧០០ខ្នង ព្រមទាំងផ្ទៃរាប់រយហិកតាចាប់តាំងពីចុងខែខែវិច្ឆិកាមក៕

You might also like More from author