មើល​រូប​ពី​ផ្កាយ​រណប​ទាំងនេះទើបដឹង​ថា អូស្ត្រាលី​រង​គ្រោះ​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា ដោយ​សារ​ភ្លើង​ឆេះព្រៃ

(បរទេស)៖ រូបភាពថ្មីៗថតដោយផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបង្ហាញឲ្យឃើញ ពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៃគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី ទាំងទៅលើជីវិតសត្វព្រៃ និងទៅលើប្រជាជនអូស្រ្តាលីផ្ទាល់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

យោងតាមរូបភាពពីផ្កាយរណប ទែរ៉ា (Terra) របស់ NASA ផ្ទៃដីមួយភាគបីនៃកោះ កង់ហ្គូរូ (Kangaroo) ដែលស្ថិតនៅភាគនិរតីនៃទីក្រុង អាឌែឡេដ (Adelaide) ប្រទេស អូស្រ្តាលី និងជាជម្រកនៃអម្បូរសត្វជាច្រើនប្រភេទនោះ បានរងការឆាបឆេះយ៉ាងដំណំដោយសារតែភ្លើងឆេះព្រៃ។ ឧទ្យានជាតិ ហ្វ្លីនដឺស៍ ឆេស (Flinders Chase) ដែលនៅលើកោះនោះ ត្រូវបានក្រុមអ្នកអភិរក្សាមានការព្រួយបារម្ភជាពិសេស ព្រោះវាជាទីជម្រកដ៏សំខាន់សម្រាប់សត្វ ភែនឃ្វីន (Penguin) សត្វកូអាឡា (Koala) និងសត្វឃ្មុំ លីហ្គឺរៀន (Ligurian) ខណៈសត្វ Koala ប្រមាណ ៥០,០០០ក្បាលនៅលើកោះ Kangaroo នេះត្រូវបានបាត់បង់។

ចំណែកឯផ្កាយរណប CS-3 (Copernicus Sentinel-3) របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ក៏បានផ្តិតយករូបភាពពីទីអវកាស នូវទិដ្ឋភាពភ្លើងឆេះព្រៃដែលកំពុង បន្តដុតបំផ្លាញនៅរដ្ឋ ញូសោត៍វែលស៍ (New South Wales) នៃប្រទេសអូស្រ្តាលីផងដែរ។ ក្នុងរូបភាពទាំងនោះ គេឃើញមានភ្លើងឆេះព្រៃ កើតមាននៅទីតាំងជាច្រើនពាសពេញរដ្ឋ ហើយទីភ្នាក់ងារ ESA បានបញ្ជាក់នេះ ចំនួនភ្លើងឆេះព្រៃជាក់ស្តែងគឺច្រើនជាងនេះទៅទៀត ព្រោះភ្លើងឆេះព្រៃខ្លះតូចពេក ដែលផ្កាយរណប Copernicus Sentinel-3 ពុំអាចមើលឃើញ។ ជាមួយគ្នានេះ ផ្កាយរណបមួយផ្សេងទៀតរបស់ ESA ក៏បានប្រទះឃើញកំណើនកម្រិតប្រមូលផ្តុំ នៃការបូនឌីអុកស៉ីតដ៏គ្រោះថ្នាក់ថែមទៀតផង។

គួរជម្រាបថា មហន្តរាយភ្លើងឆេះព្រៃនៅភាគខាងកើត ក៏ដូចជាភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី បានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៩ ហើយវាបានចាប់ផ្តើមបង្កការព្រួយបារម្ភខ្លាំងនៅខ្ទង់ខែវិច្ឆិកា និងបន្តរហូតមកទល់បច្ចុប្បន្ន។ ភ្លើងឆេះព្រៃនេះបានផ្តាច់ជីវិតមនុស្សសរុបកើនដល់ ២៨នាក់ ព្រមទាំងសម្លាប់សត្វព្រៃជិត ៥០០លានក្បាល៕

You might also like More from author