ភ្នំភ្លើង​នៅ​ហ្វីលីពីន​ផ្ទុះ​ចេញ​ផ្សែង​ខ្លាំង​ប៉ុណ្ណោះ​ក៏ដោយ នៅ​តែ​ពុំអាច​រារាំង​អាពាហ៍ពិពាហ៍​គូស្នេហ៍​មួយ​គូនេះ​បាន​ឡើយ!

(ម៉ានីល)៖ គូស្នេហ៍មួយគូ នៅក្នុងប្រទេសហ្វីលីពីនច្បាស់ជាស្រឡាញ់គ្នាខ្លាំងណាស់ហើយ ព្រោះថាសូម្បីតែភ្នំភ្លើងមួយបានជះកម្អែរផេះ យ៉ាងធំសម្បើមឡើងលើផ្ទៃមេឃ ដែលមើលទៅគួរឲ្យខ្លាចក្តី នៅតែមិនគ្រប់គ្រាន់អាចរារាំងពួកគេទាំងពីរ មិនឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយ គ្នាបាននោះឡើយកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនោះ ត្រូវបានបង្ហោះនៅលើ Facebook Page របស់ស្ទួឌីយោថតរូប Randolf Evan Photography ដែលទទួលបន្ទុកផ្តិតយកសកម្មភាពក្នុង កំឡុងពិធីរៀបការរបស់អ្នកទាំងពីរ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យម្សិលមិញ ចំពេលដែល ភ្នំភ្លើងដ៏ល្បីមួយនៅហ្វីលីពីនឈ្មោះថា Taal កំពុងតែហុយចេញផ្សែងនិងផេះ ដែលជះឡើងលើផ្ទៃអាកាសកម្ពស់រាប់ពាន់ម៉ែត្រ មើលទៅ គួរឲ្យខ្លាច តែទន្ទឹមគ្នានោះក៏អស្ចារ្យផងដែរ។ យោងតាមការបញ្ជាក់របស់ស្ទូឌីយោនោះ គូស្នេហ៍ទាំងគឺបានត្រៀមរៀបចំលក្ខណៈរួចស្រេច ក្នុងករណីបន្ទាន់ ប៉ុន្តែបានសម្រេចចិត្តមិនផ្អាកកម្មវិធីរបស់ពួកគេឡើយ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ អាជ្ញាធរហ្វីលីពីនបានបង្កើនកម្រិតប្រកាសអាសន្នដល់លេខ៤ ក្នុងចំណោមកម្រិតខ្ពស់បំផុតត្រឹមលេខ៥ សម្រាប់ភ្នំភ្លើង Taal នៅឯក្រុង Talisay ក្នុងខេត្ត Batangas ចម្ងាយប្រហែល៦៦គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន ខណៈមនុស្សប្រមាណ៤៥,០០០នាក់ ដែលរស់នៅតំបន់ជិតភ្នំភ្លើង ត្រូវបានជម្លៀសចេញ។ Taal គឺជាភ្នំភ្លើងដែលអស្ថិរភាពបំផុតមួយ ក្នុងចំណោមភ្នំភ្លើងសកម្មប្រហែល ២៤ នៅទូទាំងប្រទេសហ្វីលីពីន ហើយវាធ្លាប់បានផ្ទុះ ៣៤លើកមកហើយ៕

You might also like More from author