មាន​សេចក្ដី​រាយ​ការណ៍ថា ប៉ូលិស​អុីរ៉ង់​បាញ់​ប្រហារ​លើ​ក្រុម​បាតុករ ដែល​តវ៉ា​រឿង​បាញ់​ទម្លាក់​យន្ដហោះ​អ៊ុយក្រែន

(ឌូបៃ)៖ វីដេអូមួយត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម បានថតជាប់ស្នូរសំឡេងគ្រាប់កំាភ្លើង នៅក្នុងតំបន់ដែលក្រុមបាតុករធ្វើបាតុកម្មថ្កោលទោសរដ្ឋាភិបាល ទីក្រុងតេហេរ៉ង់ បន្ទាប់ពីទទួលស្គាល់ថាខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដោយអចេតនា ផ្ដាច់ជីវិតមនុស្សជិះនៅលើនោះ ទាំងអស់១៧៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

បើតាមវីដេអូខាងលើ គេឃើញមានស្នាមឈាមនៅលើដៅ ហើយរូបភាពខ្លះទៀតបានបង្ហាញពីមនុស្សជាច្រើននាក់ ដែលទំនងជាកងកម្លាំងសន្តិសុខអុីរ៉ង់កាន់កាំភ្លើងនៅក្នុង ដៃផងដែរ។ ប៉ុន្តែ ភ្លាមៗគេមិនទាន់អាចបញ្ជាក់ថាវីដេអូនេះជាការពិតឬក៏យ៉ាងណានោះទេ ខណៈមេបញ្ជាការប៉ូលិសអុីរ៉ង់ប្រចាំរដ្ឋធានីតេហេរ៉ង់ លោក Hossein Rahimi បានចេញមុខទាត់ចោលសេចក្ដីរាយការណ៍ដែលថាប៉ូលិសបានបាញ់ប្រហារលើក្រុមបាតុករ ជាមួយការអះអាងថាមន្ត្រីប៉ូលិសទាំងអស់ត្រូវបានបង្គាប់ឱ្យរក្សាការអត់ធ្មត់។

លោក Hossein Rahimi បានលើកឡើងដូច្នេះថា៖«នៅឯបាតុកម្មតវ៉ា ប៉ូលិសដាច់ខាតមិនបានបាញ់លើក្រុមបាតុករឡើយ ពីព្រោះប៉ូលិសរដ្ឋធានីទាំងអស់បានទទួលបញ្ជា ឱ្យរក្សាការអត់ធ្មត់»។

គួរជម្រាបថា បាតុកម្មតវ៉ាផ្ទុះឡើងនៅទូទាំងប្រទេសអុីរ៉ង់ បានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអាទិត្យ ខណៈថ្នាក់ដឹកនាំអុីរ៉ង់ទទួលរងសម្ពាធកាន់តែខ្លាំងបន្ទាប់ពីការ ទទួលស្គាល់ថាខ្លួនជាអ្នកបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដោយអចេតនា ដែលបានផ្ដាច់ជីវិតមនុស្ស ១៧៦នាក់ ក្នុងនោះរួមមានទំាង ជនជាតិអុីរ៉ង់ខ្លួនឯង ៨២នាក់ផងដែរ។ តែគួរកត់សម្គាល់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ទុកជាមុនកុំឱ្យសម្លាប់បាតុករ ណាម្នាក់ឱ្យសោះ ហើយថាសហរដ្ឋអាមេរិក និងពិភពលោក កំពុងឃ្លាំមើលអុីរ៉ង់៕

You might also like More from author