មហា​សេដ្ឋី​ជប៉ុន​ប្រកាស​ចង់​បាន​មិត្តស្រី ដើម្បី​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​ឋាន​ព្រះច័ន្ទ​ជា​មួយ​គ្នា នៅ​ឆ្នាំ២០២៣

(តូក្យូ)៖ មហាសេដ្ឋីជប៉ុនម្នាក់ បានចាប់ផ្តើមកម្មវិធីមួយ ដែលសំដៅស្វែងរកមិត្តស្រីដើម្បីទៅធ្វើដំណើរកម្សាន្តនៅជុំវិញព្រះច័ន្ទជាមួយលោក នៅឆ្នាំ២០២៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

លោក Maezawa Yusaku អាយុ៤៤ឆ្នាំ ដែលថ្មីៗនេះទើបតែបានប្រកាសពីដំណឹងចែកផ្លូវគ្នាជាមួយតារាសម្តែងឈ្មោះ Goriki Ayame អាយុ ២៧ឆ្នាំ កំពុងទទួលការដាក់ពាក្យដើម្បីធ្វើជាមិត្តស្រីលោក ពីសំណាក់នារីៗដែលមានវ័យចាប់ពី២០ឆ្នាំឡើងទៅ ហើយលក្ខខណ្ឌពិសេស មួយដែលលោកចង់បាន គឺពួកគេត្រូវមានចំណាប់អារម្មណ៍ក្នុងការធ្វើដំណើរឡើងទីអវកាស ព្រមទាំងអាចចូលរួមត្រៀមលក្ខណៈជាមួយ លោក ដើម្បីធ្វើដំណើរកម្សាន្តទៅជុំវិញឋានព្រះច័ន្ទ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។

គួរជម្រាបថា ការដាក់ពាក្យនឹងត្រូវបិទនៅថ្ងៃសុក្រសប្តាហ៍នេះ ហើយលោក Maezawa នឹងធ្វើការសម្រេចជ្រើសរើសចុងក្រោយ នៅចុងខែ មីនា ឆ្នាំ២០២០ បន្ទាប់ពីការវាយតម្លៃលើបេក្ខនារីទាំងឡាយត្រូវបញ្ចប់រួចរាល់។ បើតាមការគ្រោងទុក មហាសេដ្ឋីជប៉ុនរូបនេះ នឹងត្រូវចេញ ដំណើរទៅកម្សាន្តជុំវិញព្រះច័ន្ទនៅឆ្នាំ២០២៣ ក្នុងនាមជាអតិថិជនដំបូងបំផុតរបស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX៕

You might also like More from author