យន្តហោះថៃ​ចុះចត​យ៉ាង​ទាន់ហន់​នៅ​ស្រីលង្កា ក្រោយ​អ្នកដំណើរ​ពីរនាក់​ធ្លាក់ខ្លួន​ឈឺ រហូត​ដល់​ស្លាប់!

(កូឡុំបូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ថៃឡាយអិនអ៊ែរ (Thai Lion Air) បានធ្វើការចុះចតយ៉ាងទាន់ហន់នៅក្នុងរដ្ឋធានីខូឡុំបូ នៃប្រទេសស្រីលង្កា បន្ទាប់ពីអ្នកដំណើរពីរនាក់នៅលើយន្តហោះ បានធ្លាក់ខ្លួនឈឺជាទម្ងន់រហូតដល់បាត់បង់ជីវិត។ នេះបើតាម​ការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រីលង្កា យន្តហោះខាងលើនេះ​បានចេញដំណើរ​ពីទីក្រុង​ហ្សេដដាហ៍ (Jeddah) នៃប្រទេសអារ៉ាប៊ីសាអូឌីត សំដៅទៅកាន់ទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) នៃប្រទេសឥណ្ឌូណេស៊ី ហើយពេលមកដល់ពាក់កណ្តាលផ្លូវទៅហើយ​អ្នកដំណើរពីរនាក់នៅលើយន្តហោះ ដែលសុទ្ធសឹងតែជាជនជាតិឥណ្ឌូណេស៊ី ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ទើបបង្ខំឲ្យយន្តហោះចុះចតនៅអាកាសយានដ្ឋាន​អន្តរជាតិបានដារ៉ាណេក (Bandaranaike) នៃប្រទេសស្រីលង្កាតែម្តង។

គួរបញ្ជាក់ថា ក្រោយធ្វើការចុះចត អ្នកដំណើរទាំងពីរខាងលើនេះត្រូវបានគេអះអាងថា បានបាត់បង់ជីវិតទៅហើយ ខណៈការស៊ើបអង្កេតលើករណីនេះកំពុងតែប្រព្រឹត្តទៅ។ សាកសពរបស់អ្នកដំណើរទាំងពីរនាក់ នឹងត្រូវរក្សាទុកនៅស្ថានទូតឥណ្ឌូណេស៊ី ប្រចាំរដ្ឋធានីកូឡុំបូ ដើម្បីរង់ចាំការរៀបចំបញ្ជូនទៅកាន់ប្រទេសកំណើតវិញ៕

You might also like More from author