ប្រធានាធិបតីអុីរ៉ង់​​ចេញ​បញ្ជា​​ឲ្យ​អនុវត្ត ការដាក់​ក្រសួង​ការពារ​ជាតិ​អាមេរិក ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​អង្គការ​​ភេវកម្ម!

(តេហេរ៉ង់)៖ ប្រធានាធិបតីអុីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានចេញបញ្ជាមួយឱ្យអនុវត្តនូវច្បាប់បញ្ជីខ្មៅ ដោយចាត់ទុកក្រសួងការពារជាតិអាមេរិកជា «អង្គការភេរវកម្ម» ខណៈកំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាពីសំណាក់ប្រជាជនខ្លួនឯង ជុំវិញរឿងច្រឡំបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ដែលផ្ដាច់ជីវិតមនុស្សសរុប ១៧៦នាក់ ក្នុងនោះភាគច្រើនជាជនជាតិអុីរ៉ង់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ លោក រួហានី បានអំពាវនាវឱ្យអាជ្ញាធរអុីរ៉ង់មានសមត្ថកិច្ចទាំងអស់ អនុវត្តជាបន្ទាន់នូវច្បាប់ចាត់ទុក​ក្រសួងការពារជាតិអាមេរិកជា «អង្គការភេរវកម្ម» ដែលត្រូវបានអនុម័តដោយសភាអុីរ៉ង់។ បើតាមការបោះឆ្នោតអនុម័តរបស់សភាអុីរ៉ង់ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅ រាល់សមាជិក ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន រួមទាំងមេបញ្ជាការនៃមន្ទីរបញ្ចកោណអាមេរិក ដែលបានរៀបចំគម្រោងសម្លាប់លោកមេទ័ពអុីរ៉ង់ កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានចាត់បញ្ចូលក្នុង «បញ្ជីខ្មៅនៃអង្គការភេរវកម្ម»។ ច្បាប់នេះក៏ទទួលបានការអនុម័តពីក្រុមប្រឹក្សាឆ្មាំរដ្ឋធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់អុីរ៉ង់ផងដែរ។

គួរជម្រាបថា កាលពីខែមេសា ឆ្នាំ២០១៩ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអុីរ៉ង់ ក៏ធ្លាប់បានប្រកាសដែរពីការចាត់បញ្ជូលទីបញ្ជាការកណ្ដាលអាមេរិក ប្រចាំតំបន់អាស៊ីខាងលិច ទៅក្នុងបញ្ជីអង្គការភេរវកម្ម ជាការសងសឹងទៅនឹងការចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អុីរ៉ង់ ទៅក្នុងបញ្ជីអង្គការភេរវកម្មអន្តរជាតិ ពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ ដូចគ្នា៕

You might also like More from author