អ្នក​ដែល​ចង់​បំបែក​តៃវ៉ាន់​ចេញ​ពី​ចិន នឹង​ត្រូវ​មាន​កេរ្តិ៍ឈ្មោះ​អាសោច ១០,០០០ឆ្នាំ

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាការបង្រួបបង្រួមជាតិរបស់កោះតៃវ៉ាន់ជាមួយចិន គឺជារឿងមួយជៀសមិនរួច ហើយអ្នកដែលចង់ព្យាយាម ឬទាមទារបំបែកតៃវ៉ាន់ចេញពីចិន នឹងមានកេរ្តិ៍ ឈ្មោះ អាសោច ១០,០០០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។

លោក វ៉ាង យី ដែលមានតួនាទីជាទីប្រឹក្សារដ្ឋចិនផងដែរនោះ ធ្វើការកត់សម្គាល់បែបនេះ កំឡុងបំពេញទស្សនកិច្ចក្នុងប្រទេសហ្ស៊ីមបាបវ៉េ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពី លោកស្រី Tsai Ing-Wen ដែលជាអ្នកនយោបាយប្រឆាំងចិន ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ជាថ្មីពីរអាណត្តិជាប់ៗគ្នាកាលពីចុងសប្ដាហ៍កន្លងទ។ បើតាមលោក វ៉ាង ជ័យជម្នះ របស់លោកស្រី Tsai នឹងមិនធ្វើឱ្យប្រែប្រួលដល់ការបង្រូបបង្រួមជាតិរវាងកោះតៃវ៉ាន់ និងចិនដីគោកជាដាច់ខាត ហើយការលើកឡើងបែបនេះទៀតសោត កើតមានឡើងបន្ទាប់ពី ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក អង់គ្លេស និងជប៉ុន អបអរសាទរដល់ជ័យជម្នះរបស់លោកស្រី Tsai។ លោកប្រមុខការទូតចិន បានគូសបញ្ជាក់នាឱកាសនោះ ដូច្នេះថា៖ «ការបរង្រួបបង្រួមជាតិរបស់កោះតៃវ៉ាន់ជាមួយចិនគឺជារឿងជៀសមិនរួច ហើយអ្នកដែលប្រឆាំង ឬព្យាយាមបំបែកដែនកោះមួយនេះចេញពីចិន នឹងត្រូវមានកេរ្តិ៍ ឈ្មោះ អាសោច ១០,០០០ឆ្នាំ»

គួរបញ្ជាក់ថា ថ្លែងនៅក្នុងសុន្ទរកថាអបអរជ័យជម្នះ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោកស្រី Tsai Ing-Wen បានជំរុញឱ្យចិនបោះបង់ចោលការគំរាមកំហែងប្រើប្រាស់កម្លាំង យោធាប្រឆាំងនឹងតៃវ៉ាន់ ហើយថាប្រជាជន ក៏ដូចជាកោះតៃវ៉ាន់ នឹងមិនខ្លាចការសម្លុតគំរាមរបស់ទីក្រុងប៉េកាំងនោះឡើយ។ ទីក្រុងប៉េកាំង ធ្លាប់បានព្រមានជាច្រើនដងថាខ្លួន នឹងប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិន នៅក្នុងករណីចាំបាច់ ឬក៏មានការកម្លាំងណាមួយព្យាយាមផ្ដាច់ដែនកោះមួយនេះពីខ្លួន៕

You might also like More from author