ទីបំផុត​មេទ័ព​លីប៊ី​ខាងកើត​​ចាកចេញ​ពី​ទីក្រុង​ម៉ូស្គូ​ហើយ ដោយ​មិន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់បាញ់ ជាមួយ​លីប៊ី​ខាងលិច​នោះទេ!

(ម៉ូស្គូ)៖ មេដឹកនាំរដ្ឋាភិបាលកងទ័ពជាតិលីប៊ី LNA (លីប៊ីខាងកើត) គឺលោក ខាលីហ្វា ហាហ្វតា (Khalifa Haftar) បានចាកចេញពីទីក្រុងម៉ូស្គូ ដោយមិនបានចុះហត្ថលេខាលើ បទឈប់បាញ់ជាមួយរដ្ឋាភិបាលលីប៊ីភាគខាងលិច (GNA) នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន TASS នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។

នៅក្នុងកិច្ចចរចាសម្របសម្រួលឡើងដោយរុស្ស៊ី និងតួកគី ប្រមុខរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិលីប៊ីរបស់នាយករដ្ឋមន្ត្រី លោក ហ្វាយ៉េស អាលសារ៉ាច (Fayez al-Sarraj) មានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី គាំទ្រដោយអង្គការសហប្រជាជាតិ បានចុះហត្ថលេខលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង ស្ដីពីបទឈប់បាញ់ ខណៈលោក Khalifa Haftar មេដឹកនាំរដ្ឋាភិបាលកងទ័ពជាតិលីប៊ី មានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ី បានស្នើសុំពេលវេលាបន្ថែម​ដើម្បីពិចារណាជាមុនសិន។

យោងតាមសារព័ត៌មានរុស៊ី TASS ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា លោក Haftar បានចាកចេញពីទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ដោយមិនបានចុះហត្ថលេខាលើសេចក្តីព្រាង​នៃបទឈប់បាញ់សម្រាប់ប្រទេសលីប៊ីនោះឡើយ ហើយប្រភពពីខាងលើលីប៊ីផ្ទាល់ ក៏បានបញ្ជាក់ដែរថា លោក Haftar ពិតជាបានចាកចេញពីម៉ូស្គូប្រាកដមែន។

គួរជម្រាបថា តួកគី និងរុស្ស៊ី ដែលគាំទ្រភាគីជម្លោះរៀងៗខ្លួននៅលីប៊ី បានជំរុញឱ្យមានការចុះហត្ថលេខាលើបទឈប់បាញ់ បញ្ចប់សង្រ្គាមរវាងរដ្ឋាភិបាលទី្រប៉ូលី និងរដ្ឋាភិបាល ប៊ែងហ្គាស៊ី (Benghazi) ស្ថិតភាគខាងកើតនៃប្រទេស អស់រយៈពេលជាង ៩ខែមកនេះ ព្រមទាំងបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ​ដោយសន្តិវិធី។ សង្រ្គាមរវាងភាគីទាំង ២ បានផ្ដាច់ជីវិតជនស៊ីវិលច្រើនជាង ២៨០នាក់ និងអ្នកប្រយុទ្ធ ២,០០០នាក់ រីឯប្រជាជនលីប៊ី ១៤៦,០០០នាក់ផ្សេងទៀត​ក្លាយជាជនភៀសខ្លួន ចាប់តាំងរដ្ឋាភិបាលរបស់លោក Haftar បើកការវាយប្រហារដណ្ដើមគ្រប់គ្រងទីក្រុងទ្រីប៉ូលី៕

You might also like More from author