រក​ឃើញ​ភព​ទីពីរ​ក្នុង​ប្រព័ន្ធ​ផ្កាយ Proxima Centauri ដែល​ស្ថិត​នៅ​ជិត​ផែនដី​យើង​បំផុត!

រក​ឃើញ​ភព​ទីពីរ​ក្នុង​ប្រព័ន្ធ​ផ្កាយ Proxima Centauri ដែល​ស្ថិត​នៅ​ជិត​ផែនដី​យើង​បំផុត! កាលពីឆ្នាំ២០១៦ ក្រុមតារាវិទូបានរកឃើញភពមួយក្នុងប្រព័ន្ធផ្កាយមួយឈ្មោះ Proxima Centauri ដែលនៅជិតផែនដីយើងជាងគេបង្អស់គឺត្រឹមតែ ៤.២ឆ្នាំពន្លឺប៉ុណ្ណោះ (១ឆ្នាំពន្លឺ = ៩.៤៦១ទ្រីលានគីឡូម៉ែត្រ)។ ឥឡូវនេះក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញសញ្ញាទីពីរហើយ ដែលពួកគេជឿជាក់ថា ទំនងជាភពមួយទៀតប្រភេទជា super-Earth ដែលកំពុងគោចរនៅជុំវិញផ្កាយដូចគ្នានោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

Proxima Centauri គឺជាប្រភេទផ្កាយក្រហម (Red dwarf) ដែលមានម៉ាសតូចហៅថា M-class dwarf ហើយវាស្ថិតនៅជាមួយប្រព័ន្ធផ្កាយភ្លោះហៅថា Alpha Centauri ដែលមានផ្កាយភ្លោះមួយគូឈ្មោះ Alpha Centauri A និង B ហើយផ្កាយទាំងបីស្ថិតនៅក្នុងកញ្ចុំផ្កាយ Centaurus ដែលមិនអាចត្រូវមើលឃើញ ដោយភ្នែកទទេពីភពយើងឡើយ។ ភពទីមួយដែលតារាវិទូរកឃើញនៅក្បែរផ្កាយ Proxima Centauri មានឈ្មោះថា Proxima b កាលពីឆ្នាំ២០១៦។

សម្រាប់ភពថ្មីដែលអ្នកវិទ្យាសាស្រ្តទើប រកឃើញគឺ Proxima c ទំនងជាភពប្រភេទ super-Earth (ធំជាងផែនដីយើង តែមិនធំដល់ថ្នាក់ស្មើនឹងភព អុយរ៉ាណុស ឬណិបទូនឡើយ) ហើយគោចរជុំវិញផ្កាយ Proxima Centauri ជារៀងរាល់ ៥.២ឆ្នាំម្តង។ បើធៀបជាមួយគ្នា ភព Proxima b តូចជាង Proxima c ចំនួន ០៦ដង និងនៅកៀកផ្កាយវាជាង Proxima c ចំនួន ៣០ដង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចដឹងអ្វីច្រើនអំពីភព Proxima c នៅឡើយទេ។

គួរជម្រាបថា បើងាកទៅមើលភព Proxima b វិញ គឺវាមានទំហំស្មើនឹង ១.៣នៃទំហំរបស់ផែនដី និងប្រើពេល ១១.២ថ្ងៃ ដើម្បីវិលជុំវិញផ្កាយវាបានមួយជុំ។ គម្លាតរវាងភព Proxima b និងផ្កាយ Proxima Centauri គឺស្មើនឹង ០៥ភាគរយនៃគម្លាតរវាងផែនដី និងព្រះអាទិត្យប៉ុណ្ណោះ ពោលគឺពួកវានៅកៀកគ្នាជាងភពពុធ (Mercury) និងព្រះអាទិត្យទៅទៀត។ ប៉ុន្តែដោយសារផ្កាយនោះ មានសីតុណ្ហភាពទាប និងខ្សោយជាងព្រះអាទិត្យយើងខ្លាំង ភព Proxima b មានសីតុណ្ហភាពដែលអាចឲ្យទឹករក្សាវត្តមាន នៅក្នុងទម្រង់អង្គធាតុរាវបាននៅលើផ្ទៃរបស់វា។

ក៏ប៉ុន្តែដោយសារតែគម្លាតកៀកនឹងផ្កាយវាបែបនេះ ភព Proxima b ក៏ទទួលរងនូវការជះកាំរស្មីស្វាយអ៊ុលត្រា (Ultraviolet) និងកាំរស្មីអ៊ិច ខ្លាំងជាងកម្រិតដែលផែនដីទទួលពីព្រះអាទិត្យរហូតដល់ ១០០ដងផងដែរ ហើយប្រសិនបើមានទម្រង់ជីវិតនៅទីនោះ ពួកវានឹងរងការប៉ះពាល់ខ្លាំងមិនខាន ឬក៏អាចនិយាយបានថា គ្មានជីវិតណាអាចកកើតក្នុងបរិស្ថានបែបនោះឡើយ៕

You might also like More from author