ចិនអះអាងថា មនុស្ស​ស្លាប់​កើនដល់​៦នាក់​ហើយ ដោយសារ​វីរុស​ផ្លូវដង្ហើម​ថ្មី ខណៈ​ចំនួន​អ្នក​ឆ្លង​វិញ​កើនដល់​២៩១នាក់!

(ប៉េកាំង)៖ អភិបាលក្រុងវូហាន (Wuhan) នៃប្រទេសចិននាថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារមេរោគខូរ៉ូណា (Coronavirus) ប្រភេទថ្មីបានកើនដល់ ០៦នាក់ហើយ រីឯចំនួនអ្នកឆ្លងវីរុសនេះ​នៅក្នុងប្រទេសចិនទាំងមូលបានកើនដល់ ២៩១នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

ប្រព័ន្ធផ្សាយផ្សាយរដ្ឋរបស់ប្រទេសចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកផ្ទុកវីរុសទាំង ២៩១នាក់មាន ២៧០នាក់ស្ថិតនៅក្នុងខេត្តហ៊ូបៃ (Hubei) ខណៈទីក្រុង Wuhan ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ គឺស្ថិតនៅទីនោះឯងហើយ ០៥នាក់នៅរដ្ឋធានីប៉េកាំង, ១៤នាក់នៅខេត្តក្វាងទុង (Guangdong), និង ០២នាក់នៅទីក្រុងសៀងហៃ។ ទន្ទឹមគ្នានេះនៅមានករណីសង្ស័យជាង ៥០ករណីទៀត ដែលកំពុងស្ថិតក្រោមការតាមដាន នៅក្នុងតំបន់ក៏ដូចជាខេត្តចំនួន ១៤ផ្សេងទៀត ទូទាំងប្រទេសចិន ដែលក្នុងនោះរួមមានទាំងខេត្តជីលីន (Jilin) នៅភាគឦសាន, ខេត្ត ជែជាំង (Zhejiang) នៅភាគខាងកើត, និងខេត្តដីកោះហៃណាន (Hainan)។

ក្នុងថ្ងៃអង្គារនេះ អាជ្ញាធរចិនទើបតែបានប្រកាសថា បុគ្គលិកពេទ្យចំនួន១៥នាក់បានឆ្លងវីរុសខាងលើ ដែលជាការឆ្លងតាមរយៈមនុស្សទៅ មនុស្សតែម្តង តែមិនច្បាស់ថា កម្រិតនៃការឆ្លងវាងាយប៉ុនណានោះឡើយ។ ក្រៅពីនេះ ប្រទេសមួយចំនួនទៀតដូចជាថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏បានរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះផង ដែរ ដែលអ្នកទាំងនោះសុទ្ធតែធ្វើដំណើរមកពីក្រុង Wuhan របស់ចិន។ ចំណែកឯអង្គការសុខភាពពិភពលោក បានប្រកាសឲ្យមានការកោះ ប្រជុំបន្ទាន់មួយក្នុងសប្តាហ៍នេះ។

គួរជម្រាបថា ការផ្ទុះឡើងនៃវីរុសថ្មីខាងលើដែលមិនទាន់មានឈ្មោះផ្លូវការនៅឡើយ បានធ្វើឲ្យគ្រប់គ្នានឹកឃើញដល់ ករណីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរហៅថា SARS ដែលជាអម្បូរ Coronavirus ដូចគ្នា។ វីរុស SARS ក៏បានផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនផងដែរ ហើយវាបានផ្តាច់ជីវិតមនុស្សជិត៨០០នាក់ កាលពីឆ្នាំ ២០០២និងឆ្នាំ២០០៣៕

You might also like More from author