ស្វែងយល់​វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​បង្ការ​ការឆ្លងវីរុស​ផ្លូវដង្ហើម​ថ្មី និង​ជំងឺ​ផ្តាយសាយ​ធម្មតា

(ប៉េកាំង)៖ ជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) ដ៏សាហាវថ្មីមួយ ដែលអង្គការសុខភាពពិភពលោកហៅថា 2019-nCoV បានផ្ដាច់ជីវិតមនុស្ស ១៧នាក់ហើយ និង ៥៧១នាក់បានឆ្លងនៅក្នុងប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត ចាប់តាំងពីវីរុសនេះត្រូវបានគេទទួលស្គាល់ថា ផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន (Wuhan)។

ក្រៅតែពីចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងថៃក៏មានករណីឆ្លងវីរុសនេះដែរ ហើយបច្ចុប្បន្នអាជ្ញាធរចិនបានចាត់វិធានការចាំបាច់នានាជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសមួយនេះ ក្នុងនោះរួមមានទាំងការ ដាក់បម្រាមហាមប្រជាជនចេញពីទីក្រុងវូហាន ខណៈប្រទេសដទៃកំពុង បង្កើនការត្រួតពិនិត្យលើអ្នកដំណើរ ព្រមទាំងព្រមានប្រជាជនរបស់ខ្លួន​កុំឱ្យធ្វើដំណើរទៅកាន់ទីក្រុងវូហានផងដែរ។

ទោះបីជាបែបនេះក្តី មនុស្សម្នាទូទាំងពិភពលោកពិតជាមានការព្រួយបារម្ភ ចំពោះការឆ្លងនូវវីរុសថ្មីនេះ ជាពិសេសបណ្តាប្រទេសដែលមានប្រជាជន តែធ្វើដំណើរទៅមកជាមួយចិនញឹកញាប់។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដែលលោកអ្នកអាចអនុវត្តបានដោយខ្លួនឯង ដើម្បីការពារខ្លួន៖

* អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់យោបល់ឱ្យប្រជាជនទាំងឡាយ ជៀសវាងការទំនាក់ទំនងដោយផ្ទាល់នរណាម្នាក់ ដែលបង្ហាញរោគសញ្ញានៃជំងឺផ្លូវដង្ហើម ដូចជាក្អក និងកណ្តាសជាដើម។ រោគសញ្ញាដទៃទៀត នៃវីរុសផ្លូវដង្ហើមបង្កឡើងដោយ វីរុសកូរ៉ូណាថ្មី ក៏មានផងដែរក្ដៅខ្លួន ពិបាកដង្ហើម ហើយនៅក្នុង ករណីធ្ងន់ធ្ងរវីរុសនេះអាចនឹងបង្កទៅជាជំងឺរលាកសួតខ្លាំង និងខូចតម្រងនោម រហូតដល់អាចបាត់បង់ជីវិត។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា វីរុសកូរ៉ូណាថ្មីអាចនឹងចម្លងទៅសត្វ មុននឹងវាចម្លងទៅមនុស្ស ដូច្នេះក្រុមមន្ត្រីសុខាភិបាលបានផ្ដល់យោបល់​ឱ្យចំអិនម្ហូបដូចជាសាច់ និងស៊ុតឱ្យបានច្អិនល្អ ហើយត្រូវលាដៃនឹងសាប៊ូឱ្យបានស្អាតជាប្រចាំ។

* បើសិនជាអ្នកមានអារម្មណ៍ថា មិនស្រួលខ្លួន ឬមានជំងឺអ្នកគួរតែខ្ទប់មាត់ និងច្រមុះ នៅពេលកណ្តាស ឬក្អក ហើយត្រូវលាងសម្អាតវត្ថុដែលអ្នកបានប៉ះ។ ម្យ៉ាងវិញទៀត បើសិនជាអ្នកសង្ស័យថា អ្នកអាចឆ្លងវីរុសកូរ៉ូណាថ្មីមកពីទីក្រុងវូហាន អ្នកគួរតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។

គួរជម្រាបថា វីរុសកូរ៉ូណាថ្មី (coronavirus) មិនទាន់ត្រូវបានគេបញ្ជាក់ពី​ប្រភពកំណើតរបស់វាឡើយ តែអ្នកជំនាញសុខាភិបាលចិនអះអាងថា វាមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស SARS។ វីរុស SARS ដែលបានសម្លាប់ជីវិតមនុស្សជិត ៨០០នាក់ កាលពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ មានផ្ទុកវីរុស Coronavirus HKU9-1 ដែលត្រូវបាន គេរកឃើញនៅក្នុងសត្វប្រចៀវ។ សរុបមកវីរុសកូរ៉ូណាថ្មីអាចបង្កឱ្យមានអាការៈ ចាប់ពីក្ដៅខ្លួនធម្មតា រហូតដល់បង្កជាជំងឺរលាកសួតធ្ងន់ធ្ងរ ឬក៏អាចធ្វើឱ្យខូតតម្រងនោម ដែលបណ្ដាលឱ្យអ្នកជំងឺអាចស្លាប់បាន៕

You might also like More from author