បុរសខ្លាំងរុស្ស៊ី៖ «ប្រព័ន្ធ​ដឹកនាំ​ប្រទេស​របស់​លោក លី ក្វាន់យូ មិន​សក្តិសម​សម្រាប់​ប្រើ​នៅរុស្ស៊ី»

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីត្រូវតែ​បន្តប្រកាន់ភ្ជាប់​នូវរបបសាធារណរដ្ឋ ដែលមានប្រធានាធិបតីជាប្រមុខដឹកនាំ ហើយការចង់ឱ្យប្រទេសរបស់លោក យកគំរូតាមប្រព័ន្ធដឹកនាំ​នៃអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ក្វាន់ យូ គឺជារឿងមិនអាចទៅរួច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅពេលត្រូវបាននិស្សិតម្នាក់សួរ​កំឡុងជំនួបប្រជុំជាមួយក្រុមនិស្សិតនៅឯទីក្រុង សូឈី (Sochi) នៅថ្ងៃពុធសប្ដាហ៍នេះថា តើរុស្ស៊ីនឹងពិចារណាបង្កើតប្រព័ន្ធនយោបាយដូចគ្នា ទៅនឹងប្រព័ន្ធនយោបាយដែលលោក លី ក្វាន់ យូ បានបង្កើតដែរ ឬទេ។ សិង្ហបុរីកាលពីឆ្នាំ២០០៤ បានបង្កើតដំណែងមួយ នោះគឺរដ្ឋមន្ត្រីប្រឹក្សាយោបល់ ឬ Minister Mentor សម្រាប់លោក លី ក្វាន់យូ ដែលមានតួនាទីជាអ្នកប្រឹក្សាយោបល់ និងរក្សាស្ថេរភាពនយោបាយបន្ទាប់ពីលោកចូលនិវត្តន៍។

ឆ្លើយតបទៅនឹងសំនួរនេះ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «លោក លី ក្វាន់ យូ គឺជាបុរសម្នាក់ដ៏អស្ចារ្យ… វាគឺជាការពិតហើយគាត់គឺជាបិតា ស្ថាបនិកសិង្ហបុរីក៏វាគឺជាការពិតមួយដែរ។ ប៉ុន្តែ តើអ្នកចង់ឱ្យខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីប្រឹក្សាយោបល់មែនដែរទេ? បើវាជាអ្វីដែលអ្នកចង់បាន នោះវានឹងបំផ្លាញស្ថាប័នប្រធានាធិបតី។ ខ្ញុំគិតថាសម្រាប់ប្រទេសដូចជារុស្ស៊ី មិនអាចដើរតាមសិង្ហបុរីបាននោះទេ ពីព្រោះយើងមានក្រុមចម្រុះជាតិសាសន៍ជាច្រើន និងរបៀបរស់នៅផ្សេងៗគ្នា ដែលនេះមិនអាចទៅរួចឡើយក្នុងការធ្វើសមាហរណកម្ម នៅក្រោមក្របខណ្ឌសាធារណរដ្ឋអាស្រ័យសភា។ ដូច្នេះហើយរឿងទីមួយ ដែលយើងត្រូវធ្វើនោះ គឺប្រកាន់ភ្ជាប់នូវរបបសាធារណរដ្ឋប្រធានាធិបតីដ៏រឹងមាំមួយ»

គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុន បានស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈរដ្ឋធម្មនុញ្ញរុស្ស៊ីសព្វថ្ងៃ មិនអនុញ្ញាតឱ្យលោកចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅឆ្នាំ២០២៤ ជាពេលដែលអាណត្តិជាប្រធានាធិបតីរបស់លោកផុតនោះទេ (នៅរុស្ស៊ីប្រធានាធិបតីម្នាក់ អាចកាន់អំណាចបានតែពីរអាណត្តិជាប់គ្នាប៉ុណ្ណោះ)។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកជំនាញជាច្រើនយល់ថា លោក ពូទីន អាចនឹងបង្កើតតំណែងថ្មីមួយ​ដែលអាចឱ្យលោកបន្តដឹកនាំប្រទេសរុស្ស៊ី បើទោះជាមិនកាន់តំណែងជាប្រធានាធិបតីក៏ដោយ៕

You might also like More from author