ប្រទេស​មួយ​ចំនួន​ត្រៀម​ជម្លៀស​ពលរដ្ឋ ចេញពី ទីក្រុង​អ៊ូហាន ខណៈ​មនុស្ស​ស្លាប់​កើន​ដល់ ១០៦​នាក់ និង​ឆ្លង​ជាង​ ៤,៥០០​នាក់​ដោយ​សារ​វីរុស​កូរ៉ូណា!

(អ៊ូហាន)៖ ជនបរទេសរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ខណៈទីក្រុង និងខេត្តនេះ ត្រូវបានរដ្ឋាភិបាលចិនប្រកាសបិទតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus) ដែលបានបង្កឲ្យជនជាតិចិន ១០៦នាក់ស្លាប់ និងជាង ៤,៥០០នាក់ទៀតឆ្លងគិតត្រឹម រសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ CNA។

សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងជប៉ុន សុទ្ធតែបានបង្ហាញរួចទៅហើយ អំពីផែនការ ក្នុងការទៅដឹកជញ្ជូនពលរដ្ឋរបស់ខ្លួន ដែលកំពុងជាប់គាំងនៅក្នុងទីក្រុង Wuhan ត្រឡប់មកផ្ទះវិញ ខណៈការធ្វើបែបនេះត្រូវការជាចាំបាច់នូវការអនុញ្ញាត ពីរដ្ឋាភិបាលទីក្រុងប៉េកាំង។ ទីក្រុង Wuhan មួយទាំងមូល គឺមានសភាពធ្ងន់ធ្ងរខ្លាំង ដោយសារតែប្រជាជននៅទីនោះ បានបង្ហាញការភ័យខ្លាចខ្លាំងឡើងៗ និងរួមគ្នាបួងសួងសុំឲ្យគ្រោះកាចនេះកន្លងមកផុតទៅ ខណៈរដ្ឋាភិបាលចិន កំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធានាសុវត្ថិភាព ដល់ទីក្រុង ដែលមានប្រជាជន ១១លាននាក់នេះ ព្រមទាំងខេត្ត Hubei ទាំងមូលដែលមានប្រជាជនជាង ៥០លាននាក់។

ទោះបីជាសហរដ្ឋអាមេរិក បារាំង ជប៉ុន អាល្លឺម៉ង់ និងបណ្តាប្រទេសមួយចំនួនទៀត បានប្រកាសពីផែនការទៅជម្លៀសពលរដ្ឋខ្លួនពីទីក្រុង Wuhan របស់ចិនក្តី ប៉ុន្តែមិនទាន់មានប្រទេសណាមួយ អាចសម្រេចកិច្ចការនេះបាននៅឡើយដែរ។ តួយ៉ាងសហរដ្ឋអាមេរិក បានត្រៀមដឹកពលរដ្ឋខ្លួន និងមន្ត្រីស្ថានកុងស៊ុល ចេញពីទីក្រុង Wuhan នៅថ្ងៃអង្គារនេះតែម្តង តែវាត្រូវបានពន្យារពេលទៅវិញ ដោយមិនបានបញ្ជាក់មូលហេតុ។

ដោយឡែប្រទេសបារាំងវិញកាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាស ខ្លួននឹងបញ្ចូនយន្តហោះ ទៅដឹកពលរដ្ឋបារាំងរាប់រយនាក់ចេញពីទីក្រុង Wuhan នៅក្នុងសប្តាហ៍នេះ ខណៈជប៉ុន សិង្ហបុរី និងអាល្លឺម៉ង់វិញក៏បានប្រកាសពីផែនការដូចគ្នានេះដែរ ហើយប្រទេសទាំងអស់កំពុងតែព្យាយាមទាក់ទងទៅកាន់រដ្ឋាភិបាលចិន ដើម្បីធ្វើការសម្របសម្រួល និងដឹកនាំពលរដ្ឋពួកគេត្រឡប់មកផ្ទះវិញ។

ប្រទេសទាំងឡាយសុទ្ធតែកំពុងត្រៀមចំណាត់ការដូចៗគ្នា នោះគឺបន្ទាប់ពីជនជាតិរបស់ខ្លួន ត្រូវបានបញ្ជូនតាមជើងហោះហើរពិសេស ត្រឡប់មកដល់ទឹកដីកំណើតវិញ ពួកគេនឹងត្រូវបញ្ជូនបន្តទៅកាន់បន្ទប់ ឬតំបន់ពិសេសដាច់ដោយឡែកពីគេ រួចទទួលការត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជំនាញ ក្នុងរយៈពេលយ៉ាងហោចណាស់ ១៤ថ្ងៃដើម្បីឲ្យដឹងថា ពួកគេមានផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណា ដែរ ឬក៏អត់៕

You might also like More from author