អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន​បុគ្គល​ម្នាក់​ពីបទ «បង្ហោះ​ព័ត៌មាន​មិនពិត​លើ Facebook អំពី​វីរុស​កូរ៉ូណា» និង​កំពុង​តាម​ចាប់ខ្លួន​បីនាក់​ទៀត

(គូឡាឡាំពួ)៖ បុរសម្នាក់នៅម៉ាឡេស៊ីត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយ​ព័ត៌មានមិនពិត ទាក់ទងនឹងវីរុសកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពចេញ​មកពីប្រទេសចិន ខណៈបច្ចុប្បន្នមានអ្នកផ្ទុកវីរុសនេះចំនួន ០៧នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានសិង្ហបុរី Straits Times នៅរសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា បុគ្គលនោះមានអាយុ ៣៤ឆ្នាំ ត្រូវបានឃាត់ខ្លួនដោយប៉ូលិសនៅក្រុងបាងគី (Bangi) នៃរដ្ឋសេឡាំងហ្គ័រ (Selangor) កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ដោយជនសង្ស័យត្រូវបានឃាត់ខ្លួន ពីបទចែកចាយព័ត៌មានមិនពិតកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងវាយប្រហារយ៉ាងខ្លាំងក្លាក្នុងប្រទេសចិន។ ជាមួយគ្នានេះទូរស័ព្ទ និងស៊ីមកាតដែលអាជ្ញាធរជឿជាក់ថា ជនសង្ស័យបានប្រើប្រាស់ដើម្បីបង្ហោះព័ត៌មានមិនពិតទាំងនោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ក៏ត្រូវបានដកហូតផងដែរ។

គួរជម្រាបថា ករណីខាងលើកំពុងត្រូវបានស៊ើបអង្កេត និងអាចរងការពិន័យជាប្រាក់ ៥០,០០០រីងហ្គីត (ស្មើនឹងជាង ១២,០០០ដុល្លារអាមេរិក) ឬការជាប់ពន្ធនាគាររយៈពេលមិនលើសពីមួយឆ្នាំ ឬមួយក៏អាចរងការពិន័យជាប្រាក់ផង និងត្រូវជាប់ពន្ធនាគារផង។

អាជ្ញាធរម៉ាឡេស៊ីបានគូសបញ្ជាក់ថា ការចេញវិធានការតឹងរ៉ឹងបែបនេះ គឺដើម្បីធានាថា ជនខិលខូចដែលខ្វះការទទួលខុសត្រូវ លែងហ៊ានធ្វើសកម្មភាពចែកចាយព័ត៌មានមិនពិត​អំពីវីរុសផ្លូវដង្ហើមថ្មីនេះតទៀត ដែលវាអាចបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងកើតភាពវឹកវរបាន ហើយប្រសិនបើបុគ្គលណាធ្វើសកម្មភាពចែកចាយព័ត៌មានមិនពិត ក្រោមគោលបំណងបង្កឲ្យមានចលាចលក្នុងសង្គមតែម្តងនោះ គឺអាច នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ ឬការបង់ពិន័យជាប្រាក់ ឬមួយក៏ទាំងពីរ។ ក្រៅពីជនខាងលើ អាជ្ញាធរម៉ាឡេស៊ីកំពុងតាមស្វែងរកមុខបុគ្គល ០៣នាក់ផ្សេងទៀត ដែលបានចែកចាយព័ត៌មានមិនពិតដូចគ្នា៕

You might also like More from author