អាកាស​ចរណ៍​អង់គ្លេស British Airways ផ្អាក​ជើង​ហោះ​ហើរ​ទាំង​អស់​ជា​មួយ​ប្រទេស​ចិន ដើម្បី​ការពារ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

(ឡុងដ៍)៖ ក្រុមហ៊ុនអាកាសចរណ៍របស់ចក្រភពអង់គ្លេស British Airways បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរាល់ជើងហោះហើរត្រង់ ទៅនិងមកពីប្រទេសចិន ក្រោយរដ្ឋាភិបាលទីក្រុងឡុងដ៍បានចេញសេចក្តីណែនាំ កុំឲ្យប្រជាជនអង់គ្លេសធ្វើដំណើរទៅចិនឲ្យសោះ ប្រសិន បើមិនចាំបាច់ខ្លាំងទេនោះ ដោយសារតែក្តីបារម្ភជុំវិញវីរុសកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។

នៅលើវែបសាយ BA.com របស់អាកាសចរណ៍ British Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ចក្រភពអង់គ្លេស ពុំមានបង្ហាញ ជើងហោះហើរត្រង់ណាមួយឆ្ពោះទៅឬចេញពីប្រទេសចិនមកឡើយ សម្រាប់ក្នុងខែមករានេះ និងខែកុម្ភៈខាងមុខ។ អាកាសចរណ៍ British Airways បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនយ៉ាងដូច្នេះថា «យើងពិតជាសុំទោសចំពោះអតិថិជនសម្រាប់ការរំខានបែបនេះ ប៉ុន្តែសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិកក្រុមហ៊ុនយើង គឺតែងតែជាអាទិភាពចម្បងរបស់អាកាសចរណ៍ British Airways ជានិច្ច»

កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេសបានណែនាំប្រជាពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ លុះត្រាតែ ការធ្វើដំណើរនោះមានភាពចាំបាច់ខ្លាំងខានមិនបាន។ ទន្ទឹមគ្នានេះ អង់គ្លេសក៏កំពុងព្យាយាមបញ្ជូនជើងហោះហើរពិសេស ទៅកាន់ខេត្ត Hubei របស់ចិន ដើម្បីនាំយកពលរដ្ឋអង់គ្លេស ដែលកំពុងជាប់គាំងនៅទីនោះ ត្រឡប់មកចក្រភពអង់គ្លេសវិញផងដែរ។

គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃពុធនេះ វីរុសកូរ៉ូណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានឆ្លង ដល់មនុស្សសរុបជិត៦,០០០នាក់ និងសម្លាប់មនុស្ស១៣២នាក់ នៅក្នុងប្រទេសចិន ហើយករណីអ្នកផ្ទុកវីរុសនេះ ក៏ត្រូវបានរកឃើញនៅក្នុង ប្រទេសយ៉ាងតិច១៥ផ្សេងទៀតដែរ ប៉ុន្តែមិនទាន់មាននៅចក្រភពអង់គ្លេសនៅឡើយទេ៕

You might also like More from author