ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាងត្បូង Hyundai កំពុង​ជួប​ផល​លំបាក ដោយ​សារ​តែ​ការផ្ទុះ​វីរុស​កូរ៉ូណាថ្មី COVID-19 នៅ​ចិន

(សេអ៊ូល)៖ ក្រុមហ៊ុនផលិតរថយន្ដ Hyundai Motor បានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន ដើម្បីផ្គត់ផ្ដង់គ្រឿងបន្លាស់រថយន្ដ ទៅកាន់រោងចក្រផលិតរថយន្ដរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បួង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែដោយសារតែការផ្ទុះវីរុសកូរ៉ូណាថ្មី COVID-19 ចង្វាក់ផលិតកម្ម និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនកំពុងជួបផលលំបាក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ចាប់តាំងពីថ្ងៃចូលឆ្នាំចិនមក កម្មកររាប់រយនាក់មិនអាចត្រឡប់ទៅធ្វើការវិញបាន នៅឯរោងចក្រ ០២ ក្នុងចំណោម ០៤ របស់ក្រុមហ៊ុន Hyundai នៅក្នុងខេត្តជាងស៊ូ (Jiangsu) និងទីក្រុង ឈីងដាវ (Qingdao) ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណាថ្មី។ ជាក់ស្ដែងបច្ចុប្បន្នក្រុមហ៊ុនគ្យុងស៊ីន (Kyungshin) ដែលជាអ្នកផ្គត់ផ្គង់ជិតពាក់កណ្ដាលនៃប្រព័ន្ធខ្សែភ្លើង សម្រាប់ប្រព័ន្ធអគ្គិសនីរថយន្ដក្រុមហ៊ុន Hyundai បាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសង្វាក់ផលិតកម្មមានការធ្លាក់ចុះ។

តែយ៉ាងណាក៏ដោយ បើតាមប្រភពមួយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Hyundai បានបង្កើនការផលិតនៅតាមរោងចក្ររបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ឥណ្ឌា កម្ពុជា និងកូរ៉េខាងត្បូង ខណៈក្រុមហ៊ុនមានផែនការប្រើប្រាស់យន្ដហោះ និងកប៉ាល់ដើម្បីដឹកជញ្ជូនគ្រឿងបន្លាស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ បើតាមទិន្នន័យ ពីសមាគមឧស្សាហកម្មរថយន្ដកូរ៉េខាងត្បូង ក្រុមហ៊ុនកូរ៉េខាងត្បូងផ្គត់ផ្គង់គ្រឿងបន្លាស់លំដាប់ទី ១ និងទី ២ ចំនួន ១៧០ បាននិងកំពុងដំណើរការរោងចក្ររបស់ពួកគេ ជាង ៣០០កន្លែងនៅក្នុងប្រទេសចិន៕

You might also like More from author