ជប៉ុន​រក​ឃើញ​អ្នក​ឆ្លងវីរុស COVID-19 ចំនួន​ ៤៤នាក់​ទៀត​លើក​ប៉ាល់ Diamond Princess, ចំនួន​សរុប​កើន​ដល់​ ២១៩នាក់!

(ប៉េកាំង)៖ ក្រសួងសុខាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ក្រុមជំនាញវេជ្ជសាស្ត្របានរកឃើញការឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ចំនួន ៤៤ករណីបន្ថែមទៀត នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដាយមិនដ៍ព្រីនសេស (Diamond Princess) ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅលើកប៉ាល់នេះកើនដល់ ២១៩នាក់ ដែលជាចំនួនអ្នកឆ្លងច្រើនជាងគេបំផុតនៅក្រៅប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) មិនបានបញ្ជាក់លម្អិតពីសញ្ជាតិនៃអ្នកឆ្លងកូរ៉ូណាវីរុសនោះទេ ហើយក៏មិនបានបញ្ជាក់ថា តើអ្នកឆ្លងថ្មីទាំង ៤៤នាក់ទៀតនេះគឺជាអ្នកដំណើរ ឬក៏ក្រុមនាវិក នៅលើកប៉ាល់ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែបានបង្ហើបឱ្យដឹងថា បុរសចំណាស់ម្នាក់អាយុ ៨០ឆ្នាំម្នាក់ និងមនុស្សដែលមិនបានរកឃើញថា បានឆ្លងវីរុសកូរ៉ូណានឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីកប៉ាល់ Diamond Princess។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Diamond Princess ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក Princess Cruise Lines Ltd. ត្រូវបានដាក់ឲ្យស្ថិតនៅក្រោម ការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅពេលមកដល់ទីក្រុង យ៉ូកូហាម៉ា (Yokohama) ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយ អតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុង កាលពីខែមុនត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី។ កប៉ាល់ Diamond Princess ផ្ទុកអ្នកដំណើរ និងបុគ្គលិករបស់កប៉ាល់ផ្ទាល់សរុបជាង ៣,៧០០នាក់។

បច្ចុប្បន្ន ជប៉ុនមានករណីឆ្លងវីរុសកូរ៉ូណាសរុប ២៤៧ករណី ក្នុងនោះនៅលើគោក ២៨ករណី និងនៅលើកប៉ាល់ ២១៩ករណី៕

You might also like More from author