ចិន​ប្រកាស «ផ្លាស់ប្តូរ​ប្រធានការិយាល័យ ទទួល​បន្ទុក​កិច្ច​ការ​ហុងកុង-​ម៉ាកាវ» ក្រោយ​បាតុកម្ម​ផ្ទុះ​ឡើង​ជា​ច្រើន​ខែ​នៅ​ហុងកុង!

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអំពីផ្លាស់ប្តូរប្រធានការិយាល័យទទួលបន្ទុកកិច្ចការ ហុងកុង-ម៉ាកាវ បន្ទាប់ពីមានផ្ទុះបាតុកម្មអស់រយៈពេលជាច្រើនខែ នៅក្នុងទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ការប្រកាសខាងលើត្រូវបានធ្វើឡើង ដោយក្រសួងធនធានមនុស្សនៃប្រទេសចិន។ យោងតាមសេចក្តីប្រកាសនោះលោក ចាង ហ្សាវមីង (Zhang Xiaoming) ត្រូវបានដកតំណែងជានាយកការិយាល័យកិច្ចការទីក្រុងស្វយ័តពិសេស ហុងកុង-ម៉ាកាវ ហើយលោក ហ្ស៊ា ប៉ាវឡុន (Xia Baolon) ជាអគ្គលេខាធិការនៃក្រុមប្រឹក្សា CPPCC នឹងឡើងមកកាន់តំណែងនេះជំនួសវិញ។

គួរជម្រាបថា យ៉ាងណាមិញលោក Zhang Xiaoming ត្រូវបានតែងតាំងជានាយករងម្នាក់វិញ ដែលទទួលបន្ទុកកិច្ចការងារប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះដែរ ទីក្រុងប៉េកាំងក៏បានប្រកាសតែងតាំងបុគ្គលពីររូបទៀត ជានាយករងការិយាល័យផងដែរ នោះគឺលោក លូ ហ៊ុយនីង (Luo Huining) និងហ្វូ ហ្ស៊ីយីង (Fu Ziying)៕

You might also like More from author