វៀតណាម​បិទ​ការ​ចេញ-ចូលនៅ​តំបន់​មួយ​ដែល​មាន​មនុស្ស​រស់​នៅ​ខ្ទង់​ ១ម៉ឺន​នាក់ ពាក់ព័ន្ធ​បញ្ហា​វីរុស COVID-19

(ហាណូយ)៖ អាជ្ញាធរនៅខេត្ត Vinh Phuc ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបិទការចេញ-ចូលនៅឃុំមួយ ដែលមានប្រជាជនរស់នៅជាង១០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា អាជ្ញាធរខេត្ត Vinh Phuc បានសម្រេចបិទ ការចេញ-ចូលនៅឃុំ Sol Loi ដែលស្ថិតក្នុងស្រុក Binh Xuyen សម្រាប់រយៈពេល២០ថ្ងៃ។ ឃុំ Sol Loi មានមនុស្សរស់នៅ១០,៦០០នាក់ ហើយកំឡុងពេល២០ថ្ងៃនេះ អាជ្ញាធរវៀតណាម នឹង ផ្តល់ការផ្គត់ផ្គង់ដែលចាំបាច់ផ្សេងៗ។

គួរជម្រាបថា បច្ចុប្បន្នករណីអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសវៀតណាមមានចំនួន១៦ករណី ក្នុងនោះ១១ករណីស្ថិតក្នុងខេត្ត Vinh Phuc ហើយក្នុងនោះទៀតសោតមាន៨ករណីនៅក្នុងឃុំ Sol Loi រីឯ៥ករណីទៀត គឺ៣ករណីនៅទីក្រុងហូជីមិញ ១ករណីនៅខេត្ត Khanh Hoa និង១ករណីនៅទីក្រុង Thanh Hoa៕

You might also like More from author