បុរសម្នាក់​ដក​កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់​ឡើង​ទៅ​លើ បណ្តាល​ឲ្យ​ផ្អើល​ទីក្រុង​បាងកក

(បាងកក)៖ សំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានលឺចេញពីហាងលក់សម្លៀកបំពាក់កីឡាមួយកន្លែង នៅផ្លូវ Chula 10 ក្នុងសង្កាត់ Pathumwan នៃទីក្រុងបាងកករបស់ប្រទេសថៃ នៅថ្ងៃសុក្រនេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ប៉ូលិសថៃបានបញ្ជាក់ប្រាប់ថា បុរសម្នាក់អាយុប្រហែល៤០ឆ្នាំ បានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ឡើងទៅលើអាកាស ចេញពីដំបូលហាង លក់សម្លៀកបំពាក់កីឡារបស់ខ្លួន កាលពីម៉ោងប្រហែល០៤៖០០នាទីទាបភ្លឺថ្ងៃសុក្រនេះ។ ប៉ុន្មានម៉ោងក្រោយមក ទីបំផុតអាជ្ញាធរថៃក៏រំងាប់អារម្មណ៍បុរសម្នាក់នោះបានសម្រេច នៅនៅម៉ោង១០៖៤០នាទីព្រឹក បាននាំខ្លួនគាត់ទៅកាន់ស្ថានីយប៉ូលិសប្រចាំសង្កាត់ Pathumwan។ បើតាមការលើកហេតុផលរបស់បុរសម្នាក់នោះផ្ទាល់ គឺដោយសារគាត់ តប់ប្រមល់ក្នុងអារម្មណ៍ខ្លាំងពេក ព្រោះតែបញ្ហាក្នុងគ្រួសារ។

គួរជម្រាបថា ហេតុការណ៍ខាងលើ មិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ប៉ុន្តែធ្វើឲ្យមានការភ្ញាក់ផ្អើលមួយប្រាវដែរ នៅ ក្នុងតំបន់កើតហេតុនោះ ខណៈកាលពីមួយសប្តាហ៍មុនទើបតែមានការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវ នៅឯទីក្រុងនគររាជសីមា ដែលស្ថិតនៅចម្ងាយខ្ទង់ ២៥០គីឡូម៉ែត្រពីទីក្រុងបាងកក៕

You might also like More from author