ប្រជាជន​ហុងកុង​នាំគ្នា​យក​ម៉ាស​ជំនួស​ឲ្យ​ផ្កា ធ្វើជា​កាដូ​ជូន​គ្នា​ក្នុង​ថ្ងៃនៃក្តីស្រឡាញ់ ប៉ុន្តែ​ក្រុម​អ្នក​លក់​ផ្កា​មិន​សប្បាយ​ចិត្ត​ឡើយ

(ហុងកុង)៖ ម្ចាស់ហាងលក់ផ្កាជាច្រើននៅក្នុងទីក្រុងហុងកុង បានត្អូញត្អែជាខ្លាំងពីមុខជំនួញរបស់ពួកគេ ដោយសារតែការលក់ផ្កាក្នុងថៃ្ងបុណ្យនៃសេចក្ដីស្រឡាញ់ ១៤ ខែកុម្ភៈនេះ មានការធ្លាក់ចុះ ខណៈអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម នៅក្នុងទីក្រុងដ៏ស៊ីវីល័យមួយនេះ បាននិងកំពុងយកម៉ាសជំនួសផ្កា ជាអំណោយសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ខុសប្លែកពីសព្វដង នៅថ្ងៃ១៤ ខែកុម្ភៈ នៅលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញមានសុទ្ធតែការបង្ហោះរូបភាពបាច់ផ្កា ពោពេញដោយម៉ាសអមជាមួយពាក្យស្លោក «ជូនម៉ាសក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺជាមធ្យោបាយមួយដើម្បីបង្ហាញ ការ ស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់ ប្រសើរជាងជូនអំណោយជាបាច់ផ្កា»។ ប៉ុន្តែទន្ទឹមគ្នា ម្ចាស់ហាង ឬអាជីវករលក់ផ្កាក្នុងទីក្រុងហុងកុង ដូចជាលោក អេមែន ហ្វុង (Aman Fong) បានត្អូញត្អែពីការពិបាកលក់ផ្កាដែលធ្លាប់តែលក់ដាច់ ក្នុងថៃ្ងបុណ្យនៃសេចក្ដីស្រឡាញ់។

លោកបានបន្ថែមយ៉ាងដូច្នេះថា «វាអាក្រក់ជាងឆ្នាំមុនៗទៅទៀត មនុស្សម្នាមិនបានចេញដើរតាមដងផ្លូវដូចសព្វដងឡើយ ដោយសារតែការភ័យខ្លាចពីវីរុសកូរ៉ូណា (COVID-19) ហើយការផ្គត់ផ្គង់ផ្កាក៏មានការធ្លាក់ចុះផងដែរ ខណៈប្រភពផ្គត់ផ្គង់របស់យើងនៅចិនដីគោក ត្រូវបិទទ្វារ ឬផ្អាកអាជីវកម្ម… ដោយធ្វើឱ្យក្រុមហ៊ុនរបស់ខ្ញុំ ត្រូវនាំចូលផ្កាពីប្រទេសហូឡង់ និងកោះតៃវ៉ាន់ជំនួសវិញ។ ប៉ុន្តែការលក់នៅតែធ្លាក់ចុះប្រហែល ៤០ភាគរយដដែល»

You might also like More from author