ចិន អនុគ្រោះ​ការ​យក​ពន្ធ​លើ​បរិក្ខា​ពេទ្យ នាំចូល​ពី​សហរដ្ឋ​អាមេរិក ខណៈ​កំពុង​ប្រយុទ្ធ​ជា​មួយ COVID-19

(ប៉េកាំង)៖ គណៈកម្មាការពន្ធនៃក្រុមប្រឹក្សារដ្ឋចិន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំង នឹងលើកលែងការយកពន្ធ លើការនាំចូលបរិក្ខា និងសម្ភារៈពេទ្យ ពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២ ខែមីនា ខាងមុននេះតទៅទៀត ខណៈកំពុងប្រយុទ្ធជាមួយការរីករាលដាលនៃជំងឺ COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សលើសពី ១,៨០០នាក់ហើយ និងឆ្លងជាង ៧២,៥០០នាក់ នៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមគណៈកម្មាការពន្ធនៃក្រុមប្រឹក្សារដ្ឋចិន ផលិតផលដែលនឹងត្រូវចាត់បញ្ចូលទៅក្នុងការអនុគ្រោះពន្ធ ក្នុងនោះរួមមានដូចជា ឧបករណ៍តាមដានស្ថានភាព អ្នកជំងឺ, ឧបករណ៍ចាក់បញ្ចូលឈាម និងឧបករណ៍វាស់សម្ពាធឈាមជាដើម។ គណៈកម្មាការមួយនេះ បានបន្ថែមទៀតថា ការសម្រេចចិត្តអនុគ្រោះពន្ធនេះគឺជា ការឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការចាំបាច់របស់អតិថិជនចិន ព្រមទាំងជាការទទួលយកការស្នើសុំពីបណ្ដាក្រុមហ៊ុននៅក្នុងប្រទេសចិន។ ការលើកលែង ការយកពន្ធនេះទៀតសោត នឹងត្រូវអនុវត្តក្រោមរយៈពេលដែលត្រូវបានកំណត់ សំដៅគំាទ្រដល់បណ្ដាក្រមហ៊ុនដែលចង់នាំចូលបរិក្ខាពេទ្យពីសហរដ្ឋអាមេរិក ក្រោមលក្ខខណ្ឌពាណិជ្ជកម្មពិសេស។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ កន្លងទៅ ចិន បាននិយាយថាការនាំចូលផលិតផលពីសហរដ្ឋអាមេរិក ដែលអាចជួយដល់ការប្រយុទ្ធប្រឆាំងនឹង COVID-19 នឹង ទទួលបានការអនុគ្រោះពន្ធ ពីសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំង២៕

You might also like More from author