ក្រុមចោរចូលលួច​ម៉ាស​សរុប ៦,០០០ ពី​មន្ទីរពេទ្យ​មួយ​ ក្នុង​ប្រទេស​ជប៉ុន!

(តូក្យូ)៖ ប៉ូលិសជប៉ុនបានរាយការណ៍ថា ចោរមួយក្រុមបានចូលលួចម៉ាសសរុប ៦,០០០ ពីមន្ទីរពេទ្យមួយនៅទីក្រុងកំពង់ផែកូបេ (Kobe) ស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ខណៈការឆ្លងវីរុស COVID-19 កំពុងស្ថិតនៅជាប្រធានបទក្តៅគគុក និងបង្កឲ្យតម្រូវការម៉ាសនៅគ្រប់ខេត្ត-ក្រុង កើនឡើងយ៉ាងគំហុកតែម្តង។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ទីរពេទ្យកាកបាទក្រហមប្រចាំទីក្រុង Kobe បានរាយការណ៍ថា កេសចំនួន ០៤ ដែលផ្ទុកម៉ាសសរុបចំនួន ៦,០០០ បានបាត់ចេញពីឃ្លាំង។ មន្ត្រីជប៉ុនបានប្រាប់​សារព័ត៌មាន AFP យ៉ាងដូច្នេះថា «យើងនៅមានម៉ាសក្នុងចំនួនច្រើនទៀត ដើម្បីបន្តការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែរឿងនេះ (ការលួចម៉ាស) ពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់»

គួរបញ្ជាក់ថា កងកម្លាំងមានសមត្ថកិច្ចជប៉ុន កំពុងតែធ្វើការតាមដានរកក្រុមចោរ​ដែលបានលួចម៉ាសដ៏ច្រើនខាងលើនេះ ព្រោះពួកគេប្រាកដជាកំពុងព្យាយាម​យកម៉ាសទាំងនោះទៅលក់ជាក់ជាមិនខាន ខណៈប្រទេសជប៉ុនកំពុងស្ថិត​នៅក្នុងការណែនាំយ៉ាងតឹងរ៉ឹង ឲ្យប្រជាជនគ្រប់រូបមានការប្រុងប្រយ័ត្ន និងបើសិនជាអាច គឺគួរផ្អាករាល់ការជួបជុំនានា ព្រោះប្រទេសជាតិកំពុងតែស្ថិតនៅក្នុងហានិភ័យ នៃការឆ្លងវីរុស COVID-19។

សម្រាប់ករណីឆ្លង COVID-19 បានកើនឡើងដល់ខ្ទង់ ៦០០ករណីហើយ ដោយក្នុងនោះ ៥៤២ករណីស្ថិតនៅលើកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលកំពុងចតនៅទីក្រុង យ៉ូកូហាម៉ា (Yokohama)៕

You might also like More from author