ចិន​បន្ត​ការ​ស្រាវជ្រាវ​ផ្ទៃ​ម្ខាង​ទៀត​នៃ​ព្រះច័ន្ទ និង​ទើប​រក​ឃើញ​អ្វីប្លែកៗ​បន្ថែម​ក្នុង បេសកកម្ម​ឆាង​អឺ-៤

(ប៉េកាំង)៖ គ្រឿងយន្ត យូធូ ២ (Yutu-2) របស់ប្រទេសចិន បានរកឃើញដុំថ្មចម្លែកមួយចំនួន កំឡុងការធ្វើសកម្មភាពស្រាវជ្រាវរុករករបស់វា នៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថា Far side ឬ Dark side នោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នារសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

យានរុករក Yutu-2 នៃបេសកកម្មឆាងអឺ ៤ (Chang’e-4) បានផ្តិតយករូបភាពនៃថ្មចម្លែកទាំងនោះ កំឡុងបំពេញបេសកកម្មថ្មីមួយកាលពីខែធ្នូ ឆ្នាំ២០១៩។ បើតាមវែបសាយវិទ្យាសាស្រ្តជាភាសាចិនមានឈ្មោះ «Our Space» ដុំថ្មទាំងនោះគឺមានលក្ខណៈខុសប្លែក ពីដុំថ្មផ្សេងៗទៀតដែល Yutu-2 បានសិក្សានាពេលកន្លងមក។ ប្រការនេះបានជួយអ្នកវិទ្យាសាស្រ្តចិន បង្កើនការស្វែងយល់អំពីប្រវត្តិ និងដំណើរវិវត្តន៍នៃតំបន់ដែលវាកំពុងស្រាវជ្រាវហៅថា រណ្តៅ វ៉ុន ខាមែន (Von Karman)។

បេសកកម្ម Chang’e-4 បានបង្កើតប្រវត្តិសាស្រ្តកាលពីខែមករា ឆ្នាំ២០១៩ តាមរយៈការចុះចតដោយសុវត្ថិភាព នៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដីយើង ហើយគ្មានយានរបស់ប្រទេសណាឡើយធ្លាប់ទៅដល់។ តំបន់ដែលវាចុះទៅស្រាវជ្រាវហៅថា Von Karman ដែលរណ្តៅអាចម៍ផ្កាយមួយ ដែលមានមុខកាត់ប្រវែង ១៨០គីឡូម៉ែត្រ។ កាលពីខែកក្កដា ឆ្នាំ២០១៩ យាន Yutu-2 ក៏បានរកឃើញសារធាតុចម្លែកម៉្យាងដូចជា «ជែល (Gel)» ផងដែរនៅទីនោះ។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ យានប្រចាំការ (នៅមួយកន្លែង) និងគ្រឿងយន្តរុករក (Yutu-2) របស់បេសកកម្ម Chang’e-4 ទើបតែបានចាប់ផ្តើមធ្វើប្រតិបត្តិការថ្ងៃទី ១៥ របស់ពួកវា (ពេលវេលាគិតលើផ្ទៃព្រះច័ន្ទ)។ នៅក្នុងឆ្នាំនេះ ចិនគ្រោងនឹងចេញបេសកកម្មមួយទៀតហៅថា Chang’e-5 ដែលជាការប្រមូលយក គំរូតាងពីតំបន់មួយហៅថា អូនសិនណឹស ប្រូស៊ែលឡារឹម (Oceanus Procellarum) នៅផ្ទៃរបស់ព្រះច័ន្ទ ដែលបែរមករកផែនដីយើង (Near side)។ ប្រសិនបេសកកម្មនេះ ទទួលជោគជ័យ ចិនអាចនឹងចេញបេសកកម្មឆាងអឺ ៦ (Chang’e-6) ដើម្បីប្រមូលគំរូតាងពីតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ នៅខ្ទង់ឆ្នាំ២០២៣៕

You might also like More from author