ការញ័រ​រញ្ជួយដី​លើ​ភពអង្គារ កើត​មាន​ឡើង​ច្រើន​ជាង​ការគិត, នេះ​បើ​តាម​ទិន្នន័យ​ពី​យាន InSight របស់​អង្គការ NASA

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានប្រកាសឲ្យដឹងថា ដ្បិតភពអង្គារ (Mars) មានលក្ខណៈត្រជាក់ និងស្ងួតហួតហែងពិតមែន ប៉ុន្តែវាពោរពេញដោយសកម្មភាពនៅក្នុងផ្ទៃរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយពី វែបសាយព័ត៌មាន Space នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានក្រុមគ្រប់គ្រងបេសកកម្មយាន InSignt នៃមន្ទីរស្រាវជ្រាវនិងអភិវឌ្ឍន៍ Jet Propulsion Laboratory (JPL) របស់ NASA បានឲ្យដឹងថា យោងតាមលទ្ធផលផ្លូវការលើកដំបូង ដែលបានមកពីយាន InSight ពួកគេអាចកំណត់បានថា ភពអង្គារគឺជាភពដែលពោរពេញដោយបាតុភូតញ័ររញ្ជួយ។ មកទល់ពេលនេះយាន InSight កត់ត្រាបាននូវបាតុភូតរំញ័រក្នុងផ្ទៃភពអង្គារចំនួនប្រហែល ៤៥០ករណី ប៉ុន្តែពួកវាមានកម្រិតទាប មិនខ្លាំងដូចផែនដីនោះឡើយ។

គួរជម្រាបថា យាន InSight ត្រូវបានអង្គការ NASA បញ្ជូនទៅដល់ក្បែរតំបន់អេក្វាទ័ររបស់ Mars កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីចាប់ផ្តើមបេសកកម្មតម្លៃ ៨៥០លានដុល្លារ ដែលមានរយៈពេល ០២ឆ្នាំ ជាមួយគោលដៅសិក្សាស្វែងយល់ ឲ្យបានលម្អិតអំពីសណ្ឋានផ្នែកខាងក្នុង នៃភពក្រហមនេះ។ InSight មានបំពាក់ឧបករណ៍សំខាន់ចំនួនពីរ ដើម្បីធ្វើការងារនេះ គឺឧបករណ៍វាស់ស្ទង់បាតុភូតរំញ័រ និងឧបករណ៍ខួងដីស្ទង់កម្តៅហៅថា Mole ដែលត្រូវបានរចនាឡើង ដើម្បីរុលចូលទៅក្នុងផ្ទៃរបស់ Mars បានជម្រៅយ៉ាងតិច ០៣ម៉ែត្រ ប៉ុន្តែឧបករណ៍នេះបាន ជួបបញ្ហាជាបន្តបន្ទាប់មកទល់ឥឡូវ ដោយមិនទាន់អាចខួងទៅដល់ជម្រៅ ដែលបានកំណត់ទុកនៅឡើយទេ៕

You might also like More from author