ចិន​ប្តេជ្ញា​គ្រប់គ្រង​ការ​ឆ្លង​រាល​ដាល​នៃ COVID-19 ឲ្យ​បាន​នៅ​អំឡុង​ខែមេសា​ខាង​មុខ​នេះ!

(ប៉េកាំង)៖ រដ្ឋាភិបាលចិនមានជំនឿចិត្តថា ខ្លួនអាចនឹងគ្រប់គ្រងស្ថានការណ៍បានឡើងវិញ នៃការរីករាលដាលជំងឺឆ្លង COVID19 នៅចុងខែមេសាខាងមុខនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ជាបន្តបន្ទាប់ អំពីការថមថយនូវចំនួនអ្នកស្លាប់ និងអ្នកឆ្លងជំងឺនេះនៅទូទាំងប្រទេស។ នេះបើតាមចេញផ្សាយដោយសារព័ត៌មានចិន People’s Daily នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ចុង ណានសាន (Zhong Nanshan) ប្រធានក្រុមអ្នកជំនាញចិនប្រឆាំងមេរោគ COVID19 បានធ្វើការកត់សម្គាល់ដូចខាងលើ កំឡុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ។ ដោយឡែកអាជ្ញាធរសុខាភិបាលចិន បានចេញផ្សាយរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះឱ្យដឹងថា មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៧៤៤នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,៤៩៧ករណី។

នៅក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ មនុស្សសរុប ៤៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ២៩នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ដែលតួលេខនេះពិតជាបង្ហាញថា ចំនួនករណីឆ្លង និងស្លាប់មានការថមថយយ៉ាងខ្លាំង បើធៀបទៅនឹងតួលេខកាលពីខែមករាកន្លងទៅ៕

You might also like More from author