អាល្លឺម៉ង់ ប្រកាស​ពី​ការ​រកឃើញ​អ្នកឆ្លង COVID-19 ថ្មីៗ​ចំនួន​៨ករណី​ទៀត ក្នុង​នោះ​ក៏​មាន​ទាហាន​ម្នាក់​ផងដែរ

(ប៊ែកឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់បានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ០៨ករណីបន្ថែមទៀតកាលពីថ្ងៃពុធនៅក្នុងរដ្ឋចំនួន ០៣ របស់ខ្លួន ដោយក្នុងនោះម្នាក់គឺជានាយទាហាន នៅតំបន់បាន់ដេស្វេហ៍ (Bundeswehr)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ករណីថ្មីៗទាំង ០៨ខាងលើនេះរួមមាន ១ករណីកើតឡើងនៅរដ្ឋ រីនឡេនដ៍ ផាឡាធីណេត (Rhineland-Palatinate), ០៣ករណីនៅរដ្ឋ បាដិន វើធិបប៊ឺក (Baden-Württemberg) និង ០៤ករណីផ្សេងទៀតនៅរដ្ឋ ណតស៍រីន វែសផេលៀ (North Rhine-Westphalia)។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សេនស៍ ស្ពេន (Jens Spahn) បាននិយាយថា ប្រទេសរអាល្លឺម៉ង់កំពុងប្រឈមមុខនឹង «ការឆ្លងរាតត្បាត COVID-19» បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗទាក់ទងនឹងជំងឺនេះ ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះមក។

គួរជម្រាបថា មុននេះនៅអាល្លឺម៉ង់ត្រូវបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៦ករណី ហើយករណីទាំងនេះសុទ្ធតែមានទំនាក់ទំនង ជាមួយនិងអ្នកដែលធ្វើដំណើរពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ដែលជាចំណុចកណ្តាលនៃការរាតត្បាតជំងឺ ដ៏កាចសាហាវមួយនេះ។ អ្នកជំងឺ ១៥នាក់ ក្នុងចំណោមពួកគេត្រូវបានរាយការណ៍ថា បានជាសះស្បើយឡើងវិញ និងម្នាក់កំពុងស្ថិតនៅក្នុងការព្យាបាលនៅឡើយ៕

You might also like More from author