វៀតណាម​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ ​ជា​បណ្តោះ​អាសន្ន​ ចំពោះ​មុខ​ការ​រាតត្បាត​មេរោគ COVID-19

(ហាណូយ)៖ រដ្ឋាភិបាលទីក្រុងហាណូយបានប្រកាសពីការសម្រេចចិត្ត ផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់ទិដ្ឋាការដល់ពលរដ្ឋកូរ៉េខាងត្បូង ចូលក្នុងប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រនេះ រដ្ឋាភិបាល​វៀតណាមឱ្យដឹងទៀតថា វិធានការខាងលើត្រូវបានអនុម័តឡើង​ សំដៅ​ជួយដល់ការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេស និងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាតិ។ លើសពីនេះទៅទៀត វៀតណាមក៏បានបញ្ជាក់ដែរថា ជនបរទេសដទៃដែលធ្លាប់ធ្វើដំណើរទៅកាន់ ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ នឹងត្រូវដាក់ឱ្យដាច់ដោយឡែកពីគេឯងរយៈពេល ១៤ថ្ងៃ នៅពេលពួកគេធ្វើដំណើរមកដល់ទឹកវៀតណាម។

គួរជម្រាបថា កូរ៉េខាងត្បូងបានរាយការណ៍ថា អ្នកឆ្លងជំងឺ COVID-19 បានកើនដល់ ២,៣៣៧ករណី ក្នុងនោះមនុស្ស ១៣នាក់ស្លាប់។ គិតត្រឹមល្ងាចនៅថ្ងៃសុក្រនេះ វៀតណាមមានអ្នកឆ្លងជំងឺនេះ ១៦ករណី៕

You might also like More from author