លោកអភិបាល​ខេត្ត​ហុកកៃដូ​របស់​ជប៉ុន​ប្រកាស​ភាពអាសន្ន ចំពោះ​មុខ​ការ​រាតត្បាត COVID-19 កាន់តែខ្លាំង

(តូក្យូ)៖ អភិបាលខេត្តហុកកៃដូ (Hokkaido) ដែលស្ថិតនៅភាគខាងជើង​នៃប្រទេសជប៉ុន នាថ្ងៃសុក្រនេះបានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ខណៈចំនួនករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេសបានកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយនឹងការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន លោក ណាអុមីឈិ ស៊ូហ្ស៊ូគិ (Naomichi Suzuki) ដែលជាអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួន ស្នាក់នៅក្នុងផ្ទះរៀងៗខ្លួនកុំចេញទៅក្រៅនាចុងសប្តាហ៍នេះ បើពុំមានភាពចាំបាច់បំផុតទេនោះ។

នៅក្នុងសន្និសីទសារព័ត៌មានលើកញ្ចក់ទូរទស្សន៍ជាតិជប៉ុន នារសៀលថ្ងៃសុក្រនេះ លោក Naomichi Suzuki បានថ្លែងយ៉ាងដូច្នេះថា «កោះហុកកៃដូបានធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅរួច ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស ដ៏កាចសាហាវមួយនេះ។ ប៉ុន្តែវិបត្តិមួយនេះហាក់កំពុងតែធ្ងន់ធ្ងទៅៗហើយ»

លោកអភិបាលខេត្តហុកកៃដូបានបន្តទៀតថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងមិនធ្វើអ្វីមួយទេ ច្បាស់ជាវីរុសនេះនឹងរាលដាលយ៉ាងឆាប់រហ័ស ក្នុងដែនដីរបស់យើងជាមិនខាន។ ដូច្នេះក្នុងគោលបំណងបិទបញ្ចប់បញ្ហានេះ ឲ្យបានឆាប់រហ័យតាមទៅអាចធ្វើទៅបាន យើងត្រូវតែចាត់វិធានការអ្វីម្យ៉ាង ដែលមិនធ្លាប់មានពីមុនមកដើម្បីទប់ស្កាត់ស្ថានភាពនេះ»

គួរជម្រាបថា រហូតមកដល់ពេលនេះ មនុស្សចំនួន ៦៦នាក់ហើយបានឆ្លង COVID-19 នៅក្នុងខេត្តហុកកៃដូ (Hokkaido) ដែលជាខេត្តមានមនុស្សឆ្លង ច្រើនជាងគេបំផុតក្នុងប្រទេសជប៉ុន។ ដោយឡែកនៅទូទាំងប្រទេសជប៉ុនវិញ ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងរហូតដល់ជិត ២០០ករណី ដោយមិនរាប់បញ្ចូលអ្នកជំងឺជិត ៧០០នាក់ ដែលត្រូវបានរកឃើញលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) នោះឡើយ៕

You might also like More from author