ស្ថានការណ៍ COVID-19 នៅ​បារាំង៖ «មនុស្ស​ ២៤០​នាក់​ស្លាប់​ក្នុង​មួយថ្ងៃ, ចំនួន​អ្នក​ស្លាប់​សរុប ១,១០០នាក់ និង​ឆ្លង ២២,៣០០ករណី»

(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំងបានប្រកាសឲ្យដឹង​នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅប៉ារីស) ថា អ្នកជំងឺ COVID-19 ២៤០នាក់បន្ថែមទៀតបានបាត់បង់ជីវិត នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ១,១០០នាក់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលបារាំងបានបញ្ជាក់ទៀតថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ក៏បានកើនឡើងដល់ ២២,៣០០ករណីផងដែរ ដោយនៅក្នុងនោះអ្នកជំងឺ ១០,១៧៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ២,៥១៦នាក់នៅក្នុងចំណោមនោះទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់នៅបារាំងជាផ្លូវការទាំង ១,១០០នាក់ខាងលើនេះ គឺត្រូវបានរាប់ចំពោះមនុស្សដែលបានស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី នៅក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសប៉ុណ្ណោះ ខណៈអ្នកដែលបាត់បង់ជីវិត​នៅតាមមណ្ឌលចាស់ជរានោះ គឺមិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយទេ។ អាជ្ញាធរបារាំងបានសន្យា និងបញ្ចេញតួលេខសរុបថ្មីនៃអ្នកស្លាប់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត៕

You might also like More from author