កុងហ្គោ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​ប្រយុទ្ធ​នឹង COVID-19 ខណៈអ្នក​ឆ្លង​ទើបកើនដល់​ ៤៨​នាក់

(ឃីនហ្សាសា)៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិកុងហ្គោ (DRC) លោក ហ្វេលីច ថាហ្ស៊ីសេខេឌី (Felix Tshisekedi) បានប្រកាសដាក់​ប្រទេសទៅក្នុងគ្រាមានអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាត នៃវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈដែលប្រជាជាតិអាហ្វ្រិកមួយនេះ ទើបមានអ្នកឆ្លង ៤៨ករណី ក្នុងនោះមនុស្ស ០៣នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នលឿនបែបនេះ ត្រូវបានលោកប្រធានាធិបតីកុងហ្គោលើកឡើងថា ដោយសារតែភាពគ្រោះថ្នាក់ និងស្ថានភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកល COVID-19 មិនអាចឲ្យប្រទេសអាហ្វ្រិកនេះ ធ្វេសប្រហែសនោះឡើយ។ លោកប្រធានាធិបតីក៏បានប្រកាសចេញ នូវវិធានការមួយចំនួនទៀតផងដែរ ក្នុងនោះមានដូចជា ការហាមឃាត់ការធ្វើដំណើររវាងខេត្តនានា ជាមួយរដ្ឋធានីឃីនហ្សាសា ដើម្បីដាក់ទីក្រុងមួយនេះទៅក្នុងការតាមដានរក COVID-19 ឲ្យបានហ្មត់ចត់។

គួរបញ្ជាក់ថា ព្រំដែនទាំងអស់របស់កុងហ្គោ ក៏នឹងត្រូវបិទផងដែរ លើកលែងតែចរាចរណ៍រថយន្តដឹកទំនិញ នាវាដឹកទំនិញ និងយន្តហោះដឹកទំនិញ នឹងមិនត្រូវផ្អាកនោះឡើយ។ កុងហ្គោបានរកឃើញអ្នកផ្ទុក COVID-19 ជាលើកដំបូងកាលពីថ្ងៃទី១០ ខែមីនា ហើយរហូតមកទល់នឹងពេលនេះ ប្រទេសអាហ្វ្រិកមួយនេះមានអ្នកឆ្លងសរុប ៤៨ករណី ក្នុងនោះ ០៣នាក់ស្លាប់ និងម្នាក់ជាសះស្បើយ៕

You might also like More from author