អត្រា​ស្លាប់​ដោយសារ COVID-19 នៅ​អុីតាលី​ហក់​ឡើង​វិញ​ដល់​​ ៧៤៣​នាក់​ក្នុង​មួយថ្ងៃ, ស្លាប់​សរុប ៦,៨២០​នាក់

(រ៉ូម)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសអុីតាលី បានហក់ឡើងខ្ពស់ជាថ្មីនៅថ្ងៃអង្គារសប្ដាហ៍នេះ ប៉ុន្តែក្រុមគ្រូពេទ្យនៅតែមើលឃើញ ភស្ដុតាងជាច្រើនបញ្ជាក់ថា អាត្រាឆ្លងជំងឺរាតត្បាតសកលមួយនេះមានការថយចុះ ដោយសារតែវិធានការបិទប្រទេសរបស់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

វិធានការរឹតត្បិតនានារួមទាំងការបិទប្រទេស​នឹងត្រូវអស់សុពលភាពនៅល្ងាចថ្ងៃពុធនេះ (ម៉ោងនៅអុីតាលី) ប៉ុន្តែរដ្ឋាភិបាលអុីតាលីត្រូវបានគេរំពឹងថា នឹងបន្តអនុវត្ត វិធានការទាំងនេះមួយផ្នែក ឬក្រោមទម្រង់ផ្សេងៗ សម្រាប់រយៈពេលជាច្រើនសប្ដាហ៍ ឬក៏ជាច្រើនខែខាងមុខក៏ថាបាន។ អ៊ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ៧៤៣នាក់បន្ថែមទៀតនៅថ្ងៃអង្គារ ហើយវាជាចំនួនហក់ឡើងខ្ពស់វិញជាថ្មី បន្ទាប់ពីបានធ្លាក់ចុះពីរថ្ងៃជាប់ៗគ្នា ដោយកាលពីថ្ងៃចន្ទអ្នកស្លាប់មានចំនួន ៦០១នាក់ បើធៀបទៅនឹងថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ មានមនុស្សស្លាប់រហូតដល់ ៧៩៣នាក់ឯណោះ។

តែទោះជាបែបនេះក្ដី អាត្រាឆ្លងថ្មីដែលត្រូវបានចុះបញ្ជីជាផ្លូវការ មានត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ដែលនេះគឺជាកម្រិតទាបមួយ ចាប់តាំងពីអុីតាលីបានរាយការណ៍ ពីករណីស្លាប់ដំបូងកាលពីថ្ងៃទី២១ ខែកុម្ភៈ។ ពោលគឺអាត្រាឆ្លងប្រចាំថ្ងៃធ្លាប់បានឡើងដល់កម្រិត ៥០ភាគរយឯណោះកាលពីដើមខែមីនា។

គិតត្រឹមយប់ថ្ងៃអង្គារសប្តាហ៍នេះ អុីតាលីមានមនុស្សស្លាប់សរុប ៦,៨២០នាក់ ក្នុងចំណោមករណីឆ្លងសរុប ៦៩,១៧៦ករណី ខណៈអ្នកជំងឺសរុប ៨,៣២៦នាក់ហើយបានជាសះស្បើយទាំងស្រុង៕

You might also like More from author