គ្រោះរញ្ជួយដី «៧.៥រ៉ិចទ័រ» វាយ​ប្រហារ​ក្បែរ​ដែនកោះ នៅ​ចន្លោះ​ជប៉ុន និងរុស្ស៊ី, មាន​ការ​ព្រមាន​ចំពោះ​ស៊ូណាមិ!

(បរទេស)៖ ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយស្ថិតនៅចន្លោះប្រទេសរុស្ស៊ី និងជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី របស់សហរដ្ឋអាមេរិក USGS ថ្ងៃពុធនេះ គ្រោះរញ្ជួយដីមួយកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារក្បែរទីប្រជុំកោះ Kuril ខាងប្រទេសរុស្ស៊ី ដែលវាមានជម្រៅ ៥៩ក្រោមផ្ទៃសមុទ្រ។ ក្រោយកើតមានហេតុការណ៍រញ្ជួយផែនដីនេះ ទីភ្នាក់ងារ NOAA របស់អាមេរិក បានប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នចំពោះរលកយក្ស ដែលអាចកើតមានឡើង សម្រាប់បណ្តោយឆ្នេររបស់ប្រទេសជប៉ុន រុស្ស៊ី និងបណ្តាកោះផ្សេងៗទៀតដែលនៅក្បែរៗនោះ។ យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬក៏មនុស្សរងគ្រោះ ដោយសារតែរញ្ជួយដីនេះឡើយ។

គួរជម្រាបថា ក្រុមកោះចំនួន ០៤ នៅចុងភាគខាងត្បូងនៃទីប្រជុំកោះ Kuril គឺរួមមាន ហាបូម៉ាអ៉ិ (Habomai), ស៊ីកូតាន់ (Shikotan), អេតូរ៉ូហ្វូ (Etorofu) និង ឃូណាស៊ីរិ (Kunashiri) បានស្ថិតក្រោមបញ្ហាវិវាទរវាងរុស្ស៊ី និងជប៉ុន ចាប់តាំងតែពីសង្រ្គាមលោកលើកទីពីរបានបញ្ចប់ទៅ។ ទីប្រជុំកោះ Kuril ត្រូវបានជប៉ុនហៅថា Northern Territories៕

You might also like More from author