មន្ត្រីជាន់​ខ្ពស់​អុីរ៉ង់ ១៧រូប​ហើយ​បាត់បង់​ជីវិត ដោយសារ COVID-19 ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​ជិត ២ពាន់​នាក់

(តេហេរ៉ង់)៖ ចាប់តាំងពីមានការផ្ទុះករណីឆ្លងររាលដាលនៃវីរុសកូរ៉ូណាថ្មី (COVID-19) ក្នុងប្រទេសអ៊ីរ៉ង់ នារយៈពេលជាងមួយខែកន្លងមកនេះ យ៉ាងហោចណាស់ក៏មានឥស្សរជននយោបាយជាន់ខ្ពស់ របស់អ៊ីរ៉ង់សរុបចំនួន ១៧រូបហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន អាល់អារ៉ាប៊ីយ៉ា (Alarabiya) នារសៀលថ្ងៃពុធ ទី ២៥ ខែមីនា ឆ្នាំ២០២០។

ក្នុងចំណោមឥស្សរជននយោបាយជាន់ខ្ពស់ទាំង ១៧រូបដែលបានស្លាប់ដោយសារជំងឺ COVID-19 ខាងលើ យើងឃើញមានដូចជា លោក ហាប៊ីប បាហ្សេហ្គារី (Habib Barzegari) ជាសមាជិកស្ថាបនិក នៃកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គាម្សិលមិញនេះ។ ដោយឡែកលោក ហាមីដ ការ៉ាម (Hamid Kahram) ជាអតីតសមាជិកសភាអ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា ទទួលមរណភាពកាលពីថ្ងៃទី ១៩ ខែមីនាកន្លងទៅនេះ។ បន្ថែមពីនេះលោក អាយ៉ាតូលឡាហ៍ ហាសិម (Ayatollah Hashem) ជាសមាជិកនៃសភាអ្នកជំនាញអ៊ីរ៉ង់ ត្រូវបានគេរាយការណថា ទទួលមរណភាពកាលពីថ្ងៃទី ១៦ ខែមីនាកន្លងទៅនេះ ព្រមទាំងសមាជិកសភាជាច្រើនរូបទៀតផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថា បានស្លាប់ដោយជំងឺនេះផងដែរ។

ក្រៅពីអ្នកនយោបាយ និងសមាជិកសភាសំខាន់ៗរបស់អ៊ីរ៉ង់ យើងក៏ឃើញមានមេបញ្ជាការជាន់ខ្ពស់របស់កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ IRGC លោក ណាសឺ ហ្សាបានី (Nasser Shabani) ក៏បានស្លាប់ដោយសារជំងឺឆ្លងដ៏កាចសាហាវមួយនេះផងដែរ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ បូករួមទាំងលោក ហូស្សេន អាសាដូលឡាហ៊ី (Hossein Asadollahi) ដែលជាមេបញ្ជាការជាន់ខ្ពស់មា្នក់ទៀតរបស់ IRGC ក៏ត្រូវបានគេសង្ស័យថា បានស្លាប់ដោយសារជំងឺឆ្លងនេះផងដែរ (មិនទាន់មានការប្រកាសជាផ្លូវការ)។

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ សាធារណៈរដ្ឋអ៊ីរ៉ង់បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងី COVID-19 ចំនួន ១,៩៣៤នាក់ហើយ ខណៈអ្នកឆ្លងសរុបបានកើនដល់ ២៤,៨១១ករណី​នៅទូទាំងប្រទេស ក្នុងនោះ ៨,៩១៣នាក់បានជាសះស្បើយឡើងវិញ៕

You might also like More from author