ទ្វីប​អឺរ៉ុប​គ្មាន​សញ្ញា​ធូរ​ស្រាល​លើក​ករណី​ឆ្លង COVID-19

(អឺរ៉ុប)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងទ្វីបអឺរ៉ុបនៅតែបន្តកើនឡើងខ្លាំង ខណៈតួលេខអ្នកឆ្លងសរុបបានកើនលើស ២០០,០០០ករណីហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ដោយក្នុងនោះចំនួនមនុស្សស្លាប់ក៏មានលើស ១៧,០០០នាក់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចនស៍ ហបឃីនស៍ (Johns Hopkins) ដែលធ្វើការតាមដានយ៉ាងជាប់លាប់ ទៅលើការរាតត្បាត COVID-19 នៅជុំវិញពិភពលោក គិតត្រឹមថ្ងៃអង្គារម្សិលមិញ ចំនួនអ្នកឆ្លងនៅទូទាំងសកលលោកបានកើនលើសពី ៤០០,០០០ករណី ដោយក្នុងនោះពាក់កណ្តាលគឺនៅអឺរ៉ុប។ ចំណែកឯងចំនួនអ្នកស្លាប់វិញ គិតត្រឹមពេលដដែលគឺកើនដល់លើស ១៧,០០០នាក់។

គួរជម្រាបថា ក្នុងរយៈពេលត្រឹមតែ ០៥ថ្ងៃប៉ុណ្ណោះ តួលេខសរុបនៃករណីឆ្លងនៅទ្វីបអឺរ៉ុបបានកើនឡើងពី ១០០,០០០ករណី ដល់ ២០០,០០០ករណី។ សម្រាប់ប្រទេសអឺរ៉ុបចំនួន ០៤ ដែលរងគ្រោះធ្ងន់ជាងគេគឺនៅដដែល រួមមាន អ៉ីតាលី អេស៉្បាញ អាល្លឺម៉ង់ និងបារាំង ដែលរ៉ាប់រងករណីឆ្លងរហូតដល់លើស ១៥០,០០០នាក់ទៅហើយ ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុបទាំងអស់៕

You might also like More from author