រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ូដង់ ស្លាប់​ដោយ​សារ​គាំង​បេះដូង កំឡុង​ចរចា​ស្វែងរក​សន្តិភាព នៅ​ស៊ូដង់​ខាងត្បូង

(ស៊ូដង់)៖ រដ្ឋមន្ត្រីការពារជាតិស៊ូដង់ លោក Jamaleldin Omar បានទទួលមរណភាពហើយ ដោយសារជំងឺគាំងបេះដូង នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ជាទីដែលលោកកំពុងចូលរួម ក្នុងកិច្ចចារស្វែងរកសន្តិភាពរវាងរដ្ឋាភិបាល និងក្រុមចលនាប្រដាប់អាវុធ នៅរដ្ឋធានី Juba។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាំពាក្យយោធាស៊ូដង់ នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់)។ លោក Jamaleldin Omar គឺជាសមាជិកម្នាក់ នៃក្រុមប្រឹក្សាយោធា ដែលបានក្ដោបក្ដាប់អំណាច បន្ទាប់ពីការបណ្ដេញអតីតប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir ចេញពីតំណែងកាលពីឆ្នាំ២០១៩។

បច្ចុប្បន្ន ក្រុមប្រឹក្សាយោធានេះត្រូវបានជំនួសមកវិញដោយ ក្រុមប្រឹក្សាអធិបតេយ្យ ដែលកំពុងដឹកនាំប្រទេសស៊ូដង់ រយៈពេល៣៩ខែ ក្រោមកិច្ចព្រមព្រៀង បែងចែកអំណាចជាមួយរដ្ឋាភិបាលស៊ីវិល មុននឹងមានការរៀបចំការបោះឆ្នោតសកលថ្មីមួយ៕

You might also like More from author