នាយករដ្ឋមន្ត្រីចិន «អាជ្ញាធរ​​គ្រប់​កម្រិត​ត្រូវ​រាយការណ៍ តួលេខ​ពិត​នៃ​អ្នកឆ្លង COVID-19, ហាម​លាក់បាំង ឬ​បំភ្លៃ​តួលេខ​ជាដាច់ខាត»

(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺជាំង (Li Keqiang) បានព្រមានអាជ្ញាធរប្រចាំមូលដ្ឋានកុំព្យាយាមលាក់បាំង ករណីឆ្លងថ្មីនៅក្នុងប្រទេសឲ្យសោះ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ភាគច្រើនគឺពុំមានករណីឆ្លង COVID-19 ថ្មីក្នុងប្រទេសចិន ត្រូវបានរកឃើញនោះទេ លើកលែងតែករណីដែលនាំចូលពីខាងក្រៅប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNN នៅល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារសប្តាហ៍នេះរបស់រដ្ឋាភិបាលចិន លោក Li បានទទូចអាជ្ញាធរប្រចាំមូលដ្ឋានក្នុងប្រទេសចិន ឲ្យផ្តល់ការពិត និងមានតម្លាភាពក្នុងការបញ្ចេញព័ត៌មាន ទាក់ទងនឹងស្ថានការណ៍នៃជំងឺ COVID-19។ លោក Li បាននិយាយដូច្នេះថា «អ្នកទាំងអស់គ្នាត្រូវប្រកាន់យកភាពស្មោះត្រង់ និងតម្លាភាពដែលវាមានន័យថា នៅពេលមានករណីឆ្លងថ្មីៗគឺត្រូវរាយការណ៍ភ្លាមៗ ពុំត្រូវមានការព្យាយាមបិទបាំង ឬការរាយការណ៍ពីតួលេខមិនពិតជាដាច់ខាត»

គួរជម្រាបថា លោក Li Keqiang ត្រូវបានតែងតាំងជា ប្រធានក្រុមការងារពិសេសរបស់រដ្ឋាភិបាលចិន ដែលមានតួនាទីដឹកនាំកិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 កាលពីខែមករា ឆ្នាំ២០២០។ លោក Li បានចុះទៅកាន់ចំណុចកណ្តាលនៃការផ្ទុះរាលដាលនូវជំងឺនេះ គឺទីក្រុងវូហាន (Wuhan) តាំងតែពីចុងខែមករា ដែលជាពេល COVID-19 បានចាប់ផ្តើមវាយលុកខ្លាំង នៅក្នុងប្រទេសចិន៕

You might also like More from author