គ្រប់ភាគី​ជម្លោះ​នៅ​លីប៊ី គួរ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​សិន​ទៅ ដើម្បី​យក​ពេល​នេះ​ទប់ស្កាត់ COVID-19 វិញ, នេះ​បើ​តាម UN អំពាវនាវ​ជាថ្មី

(ទ្រីប៉ូលី)៖ ក្រោយមានករណីឆ្លងដំបូងនៃ COVID-19 ត្រូវបានរកឃើញនៅក្នុងប្រទេសលីប៊ីនោះ បេសកកម្មអង្គការសហប្រជាជាតិ​ប្រចាំនៅប្រទេសលីប៊ី (UNSMIL) បានអំពាវនាវឲ្យគ្រប់ភាគីជម្លោះទាំងអស់​ដែលកំពុងតែបន្តការប្រយុទ្ធគ្នានៅឡើយនោះ គួរតែផ្អាកសកម្មភាពទាំងអស់សិន ហើយយកពេលនេះ​មកប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) វិញ។ នេះបើតាមការចេញផ្សាយ ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់ UNSMIL បានបញ្ជាក់យ៉ាងដូច្នេះថា «ខណៈពេលដែលពិភពលោកទាំងមូល កំពុងចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ COVID-19 ដែលបានគ្របដណ្ដប់លើបណ្តាប្រទេសអ្នកមានៗ មួយចំនួនរួចទៅហើយនោះ ការបន្តសកម្មភាពវាយប្រហារ និងសងសឹកគ្នានៅក្នុងប្រទេសលីប៊ី មានតែធ្វើឱ្យការរងទុក្ខវេទនា និងជនស៊ីវិលស្លាប់កើនឡើងបន្ថែមទៀតប៉ុណ្ណោះ»

គួរបញ្ជាក់ថា កន្លងមកទាំងលីប៊ីខាងកើត និងលីប៊ីខាងលិចសុទ្ធតែបានប្រកាស យល់ព្រមតាមការអំពាវនាវរបស់អន្តរជាតិ ម្តងរួចមកហើយថា នឹងផ្អាកការប្រយុទ្ធគ្នាសិន ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ដែលជាជំងឺរាតត្បាតសកលដ៏កាចសាហាវ។ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ មានសេចក្តីរាយការណ៍អំពីការលួចវាយឆ្មក់ ដោយបំពានលើបទឈប់បាញ់ បូករួមទាំងករណីឆ្លង COVID-19 ត្រូវបានរកឃើញដំបូង​កាលពីថ្ងៃពុធម្សិលមិញទៀតនោះ ទើបអង្គការសហប្រជាជាតិតាមរយៈ UNSMIL បានចេញសេចក្តីថ្លែងការណ៍​​ដើម្បីអំពាវនាវយ៉ាងទទូចម្តងទៀត៕

You might also like More from author